ពលរដ្ឋងាយរងគ្រោះជាង២០០គ្រួសារ នៅស្រុកលំផាត់ ទទួលបានអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាល


ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន២១៦គ្រួសារ មកពីឃុំទាំង៦ ស្ថិតក្នុងស្រុកលំផាត់។

លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២១៦គ្រួសារ ដែលមកទទួលអំណោយ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរី នាពេលនេះ គឺភាគច្រើនជាស្រ្តីមេម៉ាយ ជនមានពិការភាព ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកក្នុងស្រុកលំផាត់ ដែលអញ្ជើញមកពីឃុំទាំង៦រួមមាន ឃុំល្បាំង១, ល្បាំង២, ប៉ាតាង, កាឡែង, សេដា និងឃុំជ័យឧត្តម។ ក្នុងនោះ អំណោយដែលបាននាំយកទៅចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី០១កេះតូច ត្រីខ០១យួរ និងឃិត០១កញ្ចប់។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឯកឧត្តម ញ៉ែម សំអឿន បាននាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងបានគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា ឯកឧត្តម ញ៉ែម សំអឿន ក៏បានផ្តល់ជូនរទេះរុញដល់ជនមានពិការភាពចំនួន ៦នាក់ផងដែរ៕