ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល កោតសសើរទឹកចិត្តសប្បុរសធម៌អ្នកបរិច្ចាគឈាម រៀបចំនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល


សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជា​វិស័យសុខាភិបាល​ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីបរិច្ចាគឈា​មដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» នៅបរិវេណទី២​ នៃសាកលវិទ្យា-ល័យវិទ្យាសាស្ត្រសុខាភិបាល។

កម្មវិធីនេះជាកម្មវិធីលើកទី១៥ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យនានា។

កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សា ក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ តំណាងដៃគូ ព្រមទាំង សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិតអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង៣០០នាក់ ។

លោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរំលឹកពីអនុស្សាវរីយ៍ វីតាល់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយចាប់តាំងពីឆ្នាំ២០១៣ វីតាល់ បានក្លាយជាដៃគូយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងការចូលរួមឧបត្ថម្ភទាំងស្រុង សម្រាប់ការរៀបចំកម្មវិធីទទួលយកអំណោយឈាម ជារៀងរាល់ឆ្នាំពីសប្បុរសជន។

លោកស្រីបានបន្ថែមថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់ បានចាត់ទុកជាអាទិភាពផងដែរ។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រា​ស់ផលិតផល វីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់ក្នុង១ដ​ប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បុរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ និងក្តីមេត្តាករុណា។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសសើរដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងឡាយ ដែលមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាមជាទៀងទាត់ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ដោយស្ថានភាពនៃសង្គមមានសភាពវិលត្រឡប់មកកាន់ប្រក្រតីភាពវិញ គួបផ្សំជាមួយយុទ្ធសា​ស្រ្តចាក់វ៉ាក់សាំ ងរបស់ប្រមុខរាជរដ្ឋាភិបាល សាកលវិទ្យាល័យបានធ្វើការសម្រេចចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ព​ស់ ក្នុងការរៀបចំឲ្យមានឡើងវិញ នូវការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិ​ត នៅបរិវេណសាកលវិទ្យាល័យស្របតាមគន្លងប្រក្រតីភាពថ្មី។

បន្ថែមពីនេះ ឯកឧត្តមសូមកោតសសើរ និងថ្លែងអំណរគុណដល់វីតាល់ ដែលតែងតែនៅជាមួយសាកលវិទ្យាល័យ ចូលរួមឧបត្ថម្ភ គាំទ្រទាំងស្រុងដល់ដំណើរការរៀបចំតាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមក​ម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការ បុគ្គលិកទាំងអស់ យើងពិតជាមានកិត្តិយសក្រៃលែង ដោយបានរួមសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានា ឲ្យបាននូវការផ្គត់ផ្គង់ឈាម មានសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។

គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការឧបត្ថម្ភ គាំទ្រដោយវីតាល់ រយៈពេល១ថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមប្រមា​ណជិត៣០០នាក់។ វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភ គាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕