អ្នកផ្ទុកមេរោគអេដស៍១០០គ្រួសារ នៅឃុំរការ ស្រុកសង្កែ បន្តទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង


លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១០០គ្រួសាររស់នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានវិសមភាព»

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរការ ឃុំរការ ដោយមានវត្តមានរបស់គណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិអ្នកស្ម័គ្រចិត្ត យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងអ្នកផ្ទុកមេរោគអេដស៍ សរុបប្រមាណ ១៥០នាក់។

នាឱកាសនោះលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកសង្កែ បានថ្លែងរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅ នៃមេរោគអេដស៍ជំងឺអេដស៍ ក្នុងឃុំរការ និងបានគូសបញ្ជាក់ពីវឌ្ឍនភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលតែងតែជួយសម្រាលការលំបាកដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងទឹកដីខេត្តបាត់ដំបង ជាពិសេសឃុំរការ ស្រុកសង្កែតែម្តង។

លោក សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជាសម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែសម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះលោកប្រធាន បានលើកឡើងពី គំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីទី១ នៃកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេងក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ នៅកម្ពុជា ជាពិសេសការអប់រំផ្សព្វផ្សាយ សកម្មភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដែលបង្ហាញពីភាពមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ការចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ល។

លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមក្នុងចរន្តជាតិតែមួយ ដើម្បីបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥ ហើយចំពោះក្មួយៗចៅៗជាយុវជនត្រូវខិតខំសិក្សារៀនសូត្រ កុំប្រព្រឹត្តផ្តេសផ្តាស់ក្នុងវ័យសិក្សា ជាពិសេសត្រូវធ្វើជាមិត្តអប់រំមិត្ត ជាគំរូល្អដល់អ្នកដទៃ។

លោកបាននាំសេចក្តីអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានអំពាវនាវដល់ជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖

ទី១៖ សូមបងប្អូនជនរួមជាតិ,វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺ
ឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ
ទី២៖ សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង
ទី៣៖ សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា
ទី៤៖ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក
ទី៥៖ សូមប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
ទី៦៖ សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ទាំង១០០គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ឃីត (ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕