គណៈកម្មការទី៥ ព្រឹទ្ធសភា ស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តរតនគិរី


នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សាលាខេត្តរតនគិរី បានបើកកិច្ចប្រជុំរវាងប្រតិភូគណ:កម្មការទី៥ នៃព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ តំណាងលោកជំទាវ ទី បូរ៉ាស៊ី ជាប្រធានគណៈកម្មការទី៥ និងរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមកពីគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធនានា និងមន្រ្តីជំនាញក្នុងសាលាខេត្ត ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងខេត្តរតនគិរី។

ថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្តម ឈិត គឹមយាត បានជម្រាបជូនពីគោលបំណងរបស់គណៈកម្មការទី៥ នៃព្រឹទ្ធសភាមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរីនាពេលនេះ គឺស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍, ច្បាប់ ស្តីពីរបបសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន, ច្បាប់ស្តីពីការងារ និងកិច្ចសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្នុងការចុះត្រួតពិនិត្យប័ណ្ណ ឬសៀវភៅការងាររបស់ជនបរទេស​ ដែលចូលមកស្នាក់នៅកម្ពុជា និងកំពុងធ្វើការនៅតាមរោងចក្រសហគ្រាស និងក្រុមហ៊ុននានា ព្រមទាំងស្វែងយល់អំពីសកម្មភាពការងារសម្រួលបែបបទ លិខិតស្នាមចេញ ចូលផ្សេងៗ របស់ជនបរទេស នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ៕