អាជ្ញាធរមីន ប្រគល់សម្ភារបោសសម្អាតមីនជូនបញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក និងបញ្ជាការដ្ឋានអង្គរក្ស


នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រគល់សម្ភារបោសសម្អាតមីនជូនបញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក និងបញ្ជាការដ្ឋាន អង្គរក្ស រួមមាន៖ ម៉ាស៊ីនរាវមីនចំនួន ១៦០ ឃីដចំនួន ១៦០ អាវការពារចំនួន ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ សរុបជាថវិកាចំនួន ៧៨៥.១២៥ដុល្លារ។

សម្ភារបោសសម្អាតមីន បានធ្វើការបែងចែកដូចខាងក្រោម៖

*បញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក ទទួលបានម៉ាស៊ីនរាវមីនចំនួន ១៥០ ឃីដចំនួន ១៥០ អាវការពារចំនួន ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ សរុបជាថវិកាចំនួន ៧៤៥.៧៧៥ ដុល្លារ ទទួលដោយឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងវិស្វាកកម្មកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋាន កងទ័ពជើងគោក។

*បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ាស៊ីនរាវមីនចំនួន ១០ និងឃីដចំនួន ១០ សរុបជាថវិកាចំនួន ៣៩.៧៧៥ ដុល្លារ ទទួលដោយលោកឧត្តមសេនីយ៍ឯក ប្រាជ្ញ សុផល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស តំណាង នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក និងកងអង្គរក្ស ដែលបានខិតខំប្រឹងប្រែង លះបង់ និងពលីគ្រប់បែបយ៉ាង ចូលរួមការពារសន្តិភាព និងជាតិមាតុភូមិ ជាពិសេសការពារសុខសុវត្ថិភាព ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសាររបស់សម្តេចទាំងទ្វេរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ កងទ័ពជើងគោក មិនត្រឹមតែការពារបូរណភាពទឹកដី និងការពារសន្តិភាពប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវការហ្វឹកហ្វឺនជំនាញ បំពាក់សម្ភារ និងចូលរួមដល់ការងារ បោសសម្អាតមីនមនុស្សធម៌ ផងដែរ ហើយថ្មីៗនេះ បានចូលរួមធ្វើការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ប្រកបដោយជំនាញ។

ឯកឧត្តមបន្តទៀតថា សម្ភារដែលប្រគល់ជូននាថ្ងៃនេះ កងទ័ពជើងគោក នឹងយកទៅប្រើប្រាស់ក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕