(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីទស្សនទានថ្មីមួយ ក្នុងចំណោមទស្សនទានដែលបានដាក់ចេញ គឺការកាត់បន្ថយឈ្នួញកណ្ដាលមួយចំនួន ដែលមិនមានប្រយោជន៍ដល់កសិករ និងធ្វើឲ្យកសិករខាតបង់ប្រយោជន៍ បាត់បង់ថវិកាពីផលចំណេញ នៅពេលប្រមូលផលកសិកម្មរបស់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ទស្សនទានវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានពន្យល់ថា ឈ្នួញកណ្ដាលមិនមែនអាក្រក់ទាំងអស់នោះទេ ពោលឈ្នួញកណ្ដាលជាតួអង្គសំខាន់ ឬហៅថាអ្នកដឹកជញ្ជូន ប្រមូលទិញផលរបស់កសិករ ប៉ុន្ដែគ្រាន់តែខ្លះធ្វើឲ្យកសិករខាតបង់ ត្រូវតែកាត់បន្ថយ។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានថ្លែងយ៉ាងដូច្នេះថា «បើនិយាយអាក្រក់ឈ្នួញកណ្ដាល ប៉ុន្ដែការពិតគាត់ជាតួអង្គលើការងារដឹកនាំជញ្ជូន ប្រមូលទិញ បើគ្មានអ្នកប្រមូលទិញដឹកជញ្ជូន កសិកររបស់យើង ក៏មិនអាចមានទីផ្សារ។ ក្នុងទស្សនទានថ្មី គឺយើងរៀបចំធ្វើយ៉ាងណាកាត់បន្ថយ នូវការចំណាយក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល ដូច្នេះការលើកឡើងពីការកាត់ឈ្នួញកណ្ដាល គឺជាការពិនិត្យមួយជាក់ស្ដែង ដើម្បីយកតម្លៃផលិតកម្មទាំងមូល ធ្វើយ៉ាងណាឲ្យខ្សែច្រវាក់ផលិតកម្មនេះ ទៅបានដោយរលូន»។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី ក្នុងទស្សនទានថ្មីនេះ ក្រសួងមិនប្រើប្រាស់ពាក្យថា «ឈ្មួញកណ្ដាល» នោះទេ ព្រោះពួកគាត់ជាតួអង្គផ្សេងៗ ដែលនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលជួយឲ្យខ្សែច្រវាក់ផលិតកម្មដើរមិនរាំងស្ទះ ប៉ុន្ដែនឹងកាត់បន្ថយនូវតួអង្គដែលមិនមានប្រយោជន៍ដល់កសិករ ជាពិសេសម្ចាស់អាជ្ញាប័ណ្ណដែលគ្មានសកម្មភាព និងអ្នកដែលយកអាជ្ញាប័ណ្ណទៅជួលបន្ដដល់អ្នកដទៃ ដូច្នេះអាជ្ញាប័ណ្ណនេះ បង្កើតនូវបន្ទុកបន្ថែមក្នុងការចំណាយ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសិក្សាបង្កើតនូវប្រព័ន្ធព័ត៌មានវិទ្យាមួយ ដែលអាចភ្ជាប់អ្នកផលិត និងអ្នកទិញជាមួយគ្នា តាមរយៈដាក់ App ឲ្យកសិករប្រើប្រាស់ ព្រោះក្រសួងមើលឃើញថា កសិករបច្ចុប្បន្ននេះ មានទូរស័ព្ទដែលអាចប្រើប្រាស់អ៉ីនធឺណេតស្ទើរគ្រប់ៗគ្នា។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា App នេះនៅពេលបង្កើតឡើង គឺប្រៀបដូចជាទីផ្សារមួយដើម្បីឲ្យកសិករ និងអ្នកទិញ អាចទំនាក់ទំនងគ្នា ដឹងអំពីពេលវេលាប្រមូលផល ទីតាំង ហើយនឹងឈានដល់ការដេញថ្លៃកសិផលថែមទៀតផង។ ការងារនេះ ធ្វើឡើងដើម្បីកាត់បន្ថយអ្នកកណ្ដាលដែលមិនចាំបាច់៕