ព្រះវិហារថ្មី នៅវត្តកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវរៀបចំបញ្ចុះបឋមសិលាសាងសង់ ដែលគ្រោងចំណាយថវិកាជិតកន្លះលានដុល្លារ


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី រួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាង ព្រះវិហារថ្មី ក្នុងវត្តកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនេះ លោកជំទាវ ឃួន ឃុនឌី បានកោតសរសើរខ្ពស់ចំពោះពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ស្វាយ ដែលបានសហការគ្នាចូលរួមកសាងព្រះវិហារថ្មីនេះឡើង ដើម្បីទុកជាទីសការៈបូជាជូន ព្រះពុទ្ធសាសនា និងចូលរួមកសាងវត្តអារាមឱ្យក្លាយជាទីតាំងទេសចរណ៍បែបសាសនាផង ហើយទីតាំងទេសចរណ៍ថ្មីនេះ សម្រាប់ទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ឈ្វេងយល់បន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពគ្នារវាងពុទ្ធចក្រ និងអាណាចក្រផងដែរ។

លោកជំទាវបានបន្ថែមថា ប្រទេសជាតិសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់លើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ហេតុដូចនេះហើយបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ឋនានា របស់វិស័យព្រះពុទ្ធសាសនាត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ពុំគួរនឹកស្មានដល់ពិសេសព្រះវិហារថ្មីមួយនេះ ដែលកំពុងសាងសង់នឹងក្លាយទៅជាសមិទ្ធផលថ្មីមួយទៀត។

លោកជំទាវបានសំណូមពរដល់ពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាដើម្បីរក្សា ការពារសុខសន្តិភាពជូនប្រទេសជាតិឲ្យបានគង់វង្ស។ លោកស្រី ឃួន ឃុនឌី បានអំពាវនាវញាតិមិត្តជិតឆ្ងាយក្នុងប្រទេស ក្រៅប្រទេស មេត្តាចូលរួមកសាងចាប់ចាប់មគ្គផលកសាងព្រះវិហារថ្មីនេះតា មកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

លោកជំទាវសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅថ្ងៃខាងមុខនេះ ព្រមទាំងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះ ជើងវត្តទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជំងឺកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាសឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ នៅកម្ពុជា។

សូមបញ្ជាក់ថា ព្រះវិហារថ្មីដែលត្រូវសាងសង់មានបណ្តោយ ១៨.៩ម៉េត្រ និងទទឹង ៩.៩ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប្រមាណ ៤៥ម៉ឺនដុល្លារអាមេរិក៕