កូនប្រុសច្បង ដ៏មានឥទ្ធិពល វគ្គ២០ «ការយកចិត្តទុកដាក់ចំពោះកងទ័ព និងអតីតយុទ្ធជន»


សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ ឯកឧត្តម ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

ខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។

វគ្គ២០ «ការយកចិត្តទុកដាក់ចំពោះកងទ័ព និងអតីតយុទ្ធជន»

នៅក្នុងទ្រឹស្តី នៃភាពជាអ្នកដឹកនាំ ការចេះយកចិត្តទុកដាក់ ការយល់ទុក្ខធុរៈ និងការលើកទឹកចិត្តដល់អ្នកក្រោមបង្គាប់ ក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងឡាយ ដែលបញ្ជាក់ថាជាមេដឹកនាំ ដែលមានការទទួលខុសត្រូវខ្ពស់ដែរ។ ជាមេដឹកនាំ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ ទាំងអ្នកនៅជិតខ្លួន និងអ្នកនៅឆ្ងាយខ្លួន ព្រោះអ្នកទាំងនេះ ពេលខ្លះ ក៏បង្កហានិភ័យ ឬគ្រោះថ្នាក់ ឬបញ្ហាដល់មេដឹកនាំដែរ។ ទ្រឹស្តី នៃភាពជាអ្នកដឹកនាំ ក៏បានលើកឡើងដែរ ក្នុងកាលៈទេសៈខ្លះ ភាពជាអ្នកដឹកនាំ គេគប្បីផ្តោតទៅចំណុចធំៗចំនួន៤ គឺហ៊ានគិត ហ៊ានសម្រេច ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ក្រៅពីនោះគឺជាមែកធាងដែលមេដឹកនាំត្រូវយកមកអនុវត្តដែរ។ លោកប្រធានាធិបតីអាម៉េរិក ហារី ទ្រូម៉ាន់ ដែលចូលកាន់តំណែងបន្តពីលោកប្រធានាធិបតី ហ្រ្វែនឃ្លីន រ៉ូសឺវែល ដែលទទួលមរណភាពដោយសារជំងឺដាច់សរសៃឈាម ខណៈលោកកំពុងអង្គុយលើកៅអីឱ្យគេគូររូបលោកនោះ បានសម្រេចចិត្តបន្តផែនការប្រើប្រាស់អាវុធជីវសាស្រ្ត គឺការទម្លាក់គ្រាប់បែក បរមាណូ ទៅលើប្រទេសជប៉ុន រហូតធ្វើឱ្យព្រះចៅអធិរាជជប៉ុន ប្រកាសសុំចុះចាញ់។

សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ក្រៅពីបង្កើតផែនការឱ្យគេអនុវត្ត និងតាមដានពិនិត្យ ការអនុវត្តន៍ផែនការ កែលម្អផែនការ ដើម្បីអនុវត្តបន្ត ជាមេដឹកនាំក៏ត្រូវ តែចុះទៅឱ្យដល់ទីតាំង ឱ្យដល់គោលដៅ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង។ មិនមែនចាំតែស្តាប់ ឬជឿតែលើរបាយការណ៍មួយមុខទេ។ ភាពជោគជ័យរបស់សម្តេច ហ៊ុន សែន កន្លងមក គឺដោយសារសម្តេចហ៊ានគិត នូវអ្វីដែលគេគិតមិនដល់។ សម្តេចហ៊ានធ្វើអ្វី ដែលគេមិនហ៊ានធ្វើ(ការទទួលនាវាទេសចរណ៍វេស្ទ័រដាម) និងសម្តេចហ៊ានទទួលខុសត្រូវ ដែលគេមិនហ៊ានទទួលខុសត្រូវ (ការសម្រេចចិត្តបង្កើតវេទិកាចរចាស្វែងរសន្តិភាព០២ ធ្នូ ឆ្នាំ១៩៨៧ ជាមួយព្រះករុណា ព្រះបាទនរោត្តម សីហនុ និងការយាងព្រះករុណាមកលើកដំបូង ក្នុងឆ្នាំ១៩៩០ ដែលត្រូវធានាសុវត្ថិភាពថ្វាយព្រះអង្គ។ ការទទួល និងការអនុញ្ញាតឱ្យនាវាវេស្ទ័រដាមចូលចតនៅកំពង់ផែព្រះសីហនុ ក៏ជាការទទួលខុសត្រូវដ៏ធំធេងរបស់សម្តេច ហ៊ុន សែន ចំពោះប្រទេសជាតិ ប្រជាជនកម្ពុជា និងពិភពលោកដែរ)។

លោក ហ៊ុន ម៉ាណែត ក៏ដូចគ្នា។ ក្នុងសង្រ្គាមជាមូយថៃ និងឡាវ លោកបានគិត បានធ្វើ និងទទួលខុសត្រូវលើការសម្រេចចិត្តមួយចំនួន ដើម្បីការពារជាតិ ទឹកដី និងប្រជាជន សូម្បីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សមរភូមិព្រះវិហារ លោកបានប្រថុយជីវិតឆ្លងកាត់គ្រោះថ្នាក់ ដើម្បីឡើងទៅមើលស្ថានភាពសមរភូមិប្រយុទ្ជលើប្រាសាទ ព្រះវិហារ ខណៈព័ត៌មានពីចារកម្មសម្ងាត់បានប្រាប់លោកថា ប្រសិនបើលោកហ៊ានជិះរថយន្តឡើងប្រាសាទ ពួកទាហានថៃនឹងបាញ់កម្ទេចរថយន្តនោះ រហូតសារព័ត៌មានថៃផ្សព្វផ្សាយថា លោកទទួល រងរបួសធ្ងន់ដោយសារការប្រយុទ្ធមួយនៅភ្នំទ្រព្យ។ ភ្នំទ្រព្យមិនឆ្ងាយពីប្រាសាទព្រះវិហារប៉ុន្មានទេ តែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ ដើម្បីទៅកាន់ភ្នំនេះបាន គេត្រូវដើរ ឬជិះយានយន្តឡើងចំណោតដ៏ខ្ពស់ត្រេង អមទៅដោយដើមឫស្សីយ៉ាងក្រាស់ឃ្មឹក។ ឫស្សីទីនេះមិនមានបន្លាទេ។ ភ្នំទ្រព្យនៅឆ្ងាយពីវាលឥន្រ្ទីបន្តិច ចន្លោះពីតំបន់៥មករា ដែលនៅតាមទំនាបខាងក្រោមជើងភ្នំប្រាសាទព្រះវិហារ។

ទោះបីព័ត៌មាននេះធ្វើឱ្យរសើប ព្រឺស្ញើប និងរារែកក្នុងចិត្ត តែទីបំផុតលោកប្រថុយ ឡើងទៅកាន់តំបន់ខ្ពស់បំផុត នៃប្រាសាទ គោបុរៈទី១ ជាមួយលោកឧត្តមសេនីយ៍ជា តារា ដើម្បីពិនិត្យមើលពីស្ថានភាពនៅទីនោះ។ ពេលនោះអារម្មណ៍របស់លោកគឺប្រថុយគ្រោះថ្នាក់ ហាសិបហាសិប មានន័យថា ហាសិបមិនទៅ ហាសិបត្រូវតែទៅ(៥០-៥០)ទោះបីដឹងថានឹងមានគ្រោះថ្នាក់ក៏ដោយ។ អំឡុងពេលនោះ ប្រសិនបើលោក ត្រូវក្រុមអ្នកលួចបាញ់ (Sniper) បាញ់ពីចម្ងាយដូចដែលក្រុមចារកម្មបានរាយការណ៍ នោះលោកអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

តាំងពីព្រំដែនព្រះវិហារមានបញ្ហាជាមួយថៃ ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨មកលោកតែងតែធ្វើដំណើរទៅកាន់ខេត្តព្រះវិហារជាញឹកញាប់ ដើម្បីលើកទឹកចិត្តកងទ័ព និងពិនិត្យពីស្ថានភាពជាក់ស្តែង។ លោក ហ៊ុន ម៉ាណែត មេដឹកនាំវ័យក្មេង តាំងពីឡើងទទួលតំណែងជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកតែងតែអនុវត្ត នូវគោលការណ៍ ដូចដែលសម្តេចបានលើកឡើង ទោះបីករណីខ្លះការចុះសួរសុខទុក្ខ ការលើកទឹកចិត្ត ឬការចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់លោក មិនទាន់បានពេញលេញ ឬគ្រប់ជ្រុងជ្រោយ ឬមិនត្រូវបានកត់ត្រា ព្រោះលោកជាមនុស្សលាក់គុណសម្បត្តិ។ លោកជាអ្នកធ្វើ តែលោកមិនចង់ឱ្យគេដឹងថា លោកជាអ្នកធ្វើ។ លោកជាមនុស្ស ស្ងប់ស្ងៀម តឹងតែងចំពោះខ្លួនឯង ប៉ុន្តែ ចិត្តទូលាយ មិនចង្អៀតចង្អល់ចំពោះអ្នកដទៃ។

យ៉ាងណាមិញ ក្នុងឆ្នាំ២០១៩ លោកបានចុះពិនិត្យ និងសួរសុខទុក្ខជាក់ស្តែងដល់កងទ័ពនៅតាមបណ្តាបងពលជាប្រចាំ។ ក្នុងនោះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ លោកបានធ្វើដំណើរទៅកាន់ខេត្តប៉ៃលិន ដើម្បីសួរសុខទុក្ខនាយទាហាន ពលទាហាន យោធិនពិការ និវត្តន៍ជន និងគ្រួសារកងទ័ព កងពលតូចថ្មើរជើងលេខ៥៣ ដែលឈរជើងនៅទីនោះ។ ខេត្តប៉ៃលិន ជាទីតាំងឈរជើងដ៏រឹងមាំរបស់អតីតកងទ័ពខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៦។ ឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហមនៅតំបន់ប៉ៃលិន បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ លោក ម៉ាណែតបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីឧបត្ថម្ភជូនកងពលតូចថ្មើរជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី៥។ លោក ម៉ាណែត បានលើកឡើងថា ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ អ្វីដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀត គឺការជំរុញការកសាងស្ថាបនាផ្លូវតាមខ្សែក្រវាត់ព្រំដែនប្រទេសកម្ពុជា កាន់តែមានភាពល្អប្រើសរ ព្រោះផ្លូវនៅតាមបន្ទាត់ព្រំដែនជាកត្តាសំខាន់បំផុត។ ដូច្នេះ អ្វីដែលពិសេស គឺផ្នែកពាយ័ព្យប្រទេស មានផ្លូវក្រាលកៅស៊ូស្ទើរទាំងស្រុង ចាប់ពីមាត់សមុទ្រខេត្តកោះកុងឆ្លងកាត់ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងតំបន់មុមបី នៃខេត្តព្រះវិហារ ហើយរាជរដ្ឋាភិបាលកំពុងបន្តធ្វើឆ្ពោះទៅព្រំដែនឡាវ។

តំណាងនាយទាហាន ពលទាហាន យោធិនពិការ និវត្តន៍ជន និងគ្រួសារកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណជានិច្ចចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈដល់កងទ័ព ដល់យោធិនពិការ ជាពិសេសកងពលតូចថ្មើរជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី៥ រហូតមក។

ដើម្បីសម្រួលដល់ការលំបាក លោក ម៉ាណែតបានប្រគល់រថយន្តចំនួន៧៥គ្រឿងដែលជាជំនួយឥតសំណងពីប្រទេសចិនដល់អង្គភាពចំណុះចំនួន៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។ ការប្រគល់នេះ ធ្វើឡើងនៅថ្ងៃទី៦ ខែខែតុលា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក ហើយរថយន្តទាំង៧៥គ្រឿង មានរថយន្តបញ្ជាការ ចំនួន៥៥គ្រឿង និងថយន្តប្រភេទប្រតិបត្តិការ២០គ្រឿង។

នៅក្នុងរដូវរងា គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ាណែត បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅខេត្តស្ទឹងត្រែង។ នៅទីនេះ លោកបានអរគុណ និងកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងការការពារបូរណភាពទឹកដីដោយភាពសហការ អំណត់អត់ធន់ និងម៉ឺងម៉ាត់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ធានាបាន នូវសន្តិសុខ និងស្ថិរភាពជូនប្រជាជនតាមបណ្តោយបន្ទាត់ព្រំដែន។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ម៉ាណែត បានឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់កងពលតូចអន្តរាគមន៍លេខ១ ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃ អង្គភាព។

សម្រាប់ការយកចិត្តទុកដាក់ចំពោះយោធិនពិការវិញ លោក ម៉ាណែត ក៏បានចុះជួបលើកទឹកចិត្ត និងជួយឧបត្ថម្ភជាផ្ទះសម្បែងញឹកញាប់។ នៅចុងខែមករា ឆ្នាំ២០១៧ លោក ម៉ាណែត បានប្រគល់ផ្ទះចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន ស្រុកបរវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង និងបានផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍គន់ គីម បានយកថវិកា ចំនួន ៤០០.០០០. ០០០រៀល ដែលប្រមូលបានពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ប្រគល់ជូនសមាគមអតីតយុទ្ធជន សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះលទ្ធភាព។ ក្នុងពិធីនេះ លោក ម៉ាណែត លើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនដែលបំភ្លេចចំពោះអតីតយុទ្ធជន ឬយោធិនពិការទេ គឺរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើកកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ចជាកងទ័ព តាមរយៈការឧបត្ថម្ភ ការដំឡើងប្រាក់ខែ ការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ជាលទ្ធផលគិតត្រឹមឆ្នាំ២០១៧ សមាគមអតីតយុទ្ធជន ដែលមានសម្តេច ហ៊ុន សែន ជាប្រធាន បានសាងសង់ផ្ទះជូនដល់ អតីតយុទ្ធជនដែលខ្វះលទ្ធភាពបានចំនួន៣៩៤ខ្នង ទូទាំង២៥រាជធានី ខេត្ត និងកំពុងសិក្សាលទ្ធភាពជាក់ស្តែងក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន ដែលជួបបញ្ហាជីវភាពគ្រួសារ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ាណែត បានប្រគល់ផ្ទះ២ខ្នង ជូនដល់ អតីតយុទ្ធជន នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួន។

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានចុះប្រគល់ផ្ទះចំនួន១៤ខ្នង ជូនដល់អតីតយុទ្ធជននៅស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបងដដែល។ ក្នុងពិធីប្រគល់ផ្ទះនោះ លោក ម៉ាណែត បានជម្រាបជូនយោធិនពិការទាំងអស់ថា យើងមិនអាចដោះសា្រយតម្រូវការអតីតតយុទ្ធជនបានគ្រប់តម្រូវការទាំងអស់ទេ ប៉ុន្តែ នេះគឺជាការគិតគូរ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការតបស្នងសងគុណ ចំពោះគុណបំណាច់ គុណណូបក្ការៈរបស់យោធិនជំនាន់មុន ដែលបានលះបង់អាយុជីវិត គ្រួសារ ចូលរួមបម្រើជាតិមាតុភូមិ។ រាជរដ្ឋាភិបាលមិនបានបោះបង់ ឬភ្លេចអតីតយុទ្ធជន និងយោធិនពិការរបស់យើងទេ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបង្កើត សមាគមអតីតយុទ្ធនេះឡើង ដើម្បីដោះស្រាយតម្រូវការ និងជួយអតីតយុទ្ធជន យោធិនពិការ សំដៅលើកកម្ពស់ជីវភាព និងកិត្តិយស។

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ាណែត បានអញ្ជើញប្រគល់ផ្ទះសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១០ខ្នង ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រគល់ផ្ទះជូនអតីតយុទ្ធជននេះ បានធ្វើឡើងអស់ជាច្រើនមកហើយ ហើយកំពុងបន្តសាងសង់ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទូទាំងប្រទេស ក្រោមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាព។

តាមរបាយការណ៍ របស់ សមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ សមាគមខេត្ត បានសាងសង់ផ្ទះ ជាអំណោយរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនសរុបចំនួន៣០៤ខ្នង។ ក្នុងនោះផ្ទះចំនួ២១២ ខ្នងត្រូវបានសាងសង់ក្នុងមជ្ឈមណ្ឌលអតីតយុទ្ធជន តេជោសន្តិភាព ខេត្តបន្ទាយមានជ័យ និង៩២ខ្នង ផ្សេងទៀត សាងសង់ជូនអតីតយុទ្ធជន ដែលមានដី តែមានផ្ទះមិនសមរម្យ។

ថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីពង្រីកសកម្មភាពគិតគូរអំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន គប្បីអនុវត្តគោលការណ៍មួយចំនួនដូចជា ទី១ បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តប្រកាន់ខ្ជាប់ នូវវីរភាពអង់ឤចក្លាហានស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិមាតុភូមិ ទោះបីជាបច្ចុប្បន្នក្លាយជាអតីតយុទ្ធជន ដើម្បីជាគំរូល្អក្នុងសង្គមជាតិ។ ទី២ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទា ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ពង្រឹងការបើកប្រាក់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា និងទៀងទាត់តាមការកំណត់របស់រាជរដ្ឋាភិបាល។ ទី៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាគមអតីតយុទ្ធជនកម្ពុជា ឤជ្ញាធរដែនដីដែលពាក់ព័ន្ធ ត្រូវបន្តពង្រឹងការងារអភិវឌ្ឍ អតីតយុទ្ធជននៅសហគមន៍ឃុំ សង្កាត់ តាមបណ្តារាជធានី ខេត្ត និងត្រូវខិតខំជំរុញបន្តការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្របំផុតតាមសហគមន៍ ឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់បងប្អូនអតីត យុទ្ធជន និងគ្រួសារ ឱ្យបានស័ក្តិសម ចំពោះក្រុមអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ទី៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដើម្បីពិចារណាលើលទ្ធភាពបីចំណុចក្នុងការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់ឤវុធ អតីតយុទ្ធជន និងគ្រួសារ។ ទី៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា សមាគមអតីតយុទ្ធជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពិនិត្យលទ្ធភាព ក្នុងការផ្តល់ឤហារូបករណ៍ថ្នាក់ឧត្តម សិក្សា ឬបង្កលទ្ធភាពឱ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញជាឤទិភាពដល់កូនអតីតយុទ្ធជនដែលក្រីក្រ និងមានបំណងចង់បន្តការសិក្សា ឬចង់មានជំនាញវិជ្ជាជីវៈ។ ទន្ទឹមនោះ ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យផ្តល់ឤទិភាពដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ទទួលបាននូវសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ប្រាក់។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កន្លងមក រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈ ទី១ ការ ផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន ប្រចាំខែ ដូចជាប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ឤវុធ ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ទី២ ការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ ម៉ឺនរៀល។ ទី៣ ការដំឡើងរបបសន្តិសុខសង្គមប្រចាំខែ ជូនដល់អតីតយុទ្ធជន ជាក់ស្តែងប្រាក់របបសន្តិសុខសង្គមប្រចាំខែទាបបំផុត ត្រូវបានដំឡើងពី៤២ ម៉ឺនរៀល ក្នុងឆ្នាំ២០១៧ ដល់៤៨ម៉ឺនរៀល ចាប់ពីខែមេសា ឆ្នាំ ២០១៨។ ទី៤ ការដាក់ឱ្យដំណើរការប្រើប្រាស់សេវាកាតអេធីអឹម(ATM) តាមប្រព័ន្ធធនាគារទូទាំង២៥ រាជធានី-ខេត្ត ចាប់ពីឆ្នាំ ២០១៧ ដើម្បីបង្កើនភាពងាយស្រួលដល់ការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ របស់អតីតយុទ្ធជន។ ទី៥ ការផ្តល់សេវាថែទាំសុខភាពដល់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់ នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម ចាប់តាំងពីខែមករា ឆ្នាំ ២០១៨មក។ ទី៦ ការដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និគ្រួសារអតីតយុទ្ធជន ក្នុងនោះ បានកសាងភូមិអភិវឌ្ឍយោធិនពិការ៣១៧ នៅតាកែនកោះស្លា ស្រុកឈូក,ខេត្តកំពត មណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧ គូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។សម្តេច ហ៊ុន សែន បញ្ជាក់ថា ការសាងសង់លំនៅឋានជូនអតីតយុទ្ធជន ចាប់ពីពេលនេះទៅខាងមុខ គឺត្រូវតែក្លាយទៅជាគោលដៅអាទិភាព នៃសកម្មភាពរបស់សមាគម។

ក្នុងសារលិខិតគម្រប់ខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ២០២២សម្ដេចជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទកភាពបំផុត ដែលអតីតយុទ្ធជន និងប្រជាជននៅទូទាំងប្រទេស ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៃប្រវត្តិ សាស្ត្រ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងសារលិខិតដដែល សម្ដេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន អតីតយុទ្ធជនចំនួន ១០៣ ៧៩៧នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ មក រាជរដ្ឋាភិបាល បានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។

ក្នុងឱកាសនេះ សម្តេច ហ៊ុន សែន បានស្នើឱ្យបងប្អូនអតីតយុទ្ធជន ត្រូវទី១ បន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទី ស្នេហានៃយើង។ ទី២ គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌល យោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។ទី៣ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនឱ្យជួយផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធ នឹងវិស័យអតីតយុទ្ធជនឱ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយ។ ទី៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាព នូវការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិអតីតយុទ្ធជន នៅទូទាំងប្រទេស។ ក្រសួង ក៏ត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។ ទី៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទី៦ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែល កំពុងជួបការលំបាក និងទី៧ សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រីកសកម្មភាពរបស់សមាគមតាមស្មារតី នៃសេចក្តីសម្រេចរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួម ឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងសង្គមជាតិ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះដែរ អតីតអតីតយុទ្ធជនចំនួន៦២៨គ្រួសារ បានទទួលការសាងសង់ផ្ទះជូនពីសំណាក់រាជរដ្ឋាភិបាលនៅតំបន់ដំណាក់ត្រយឹង។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ផ្ទះ២៥០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះចំនួន៣២៨ខ្នងបន្ថែមទៀត ជូនដល់អតីតយុទ្ធជនកម្ពុជា នៅខេត្តពោធិ៍សាត់ដដែល។ នេះជាលើកទី៣ហើយសម្រាប់ខេត្តពោធិសាត់ ដែលបានទទួលអំណោយជាផ្ទះពីកាកបាទក្រហមកម្ពុជា ធ្វើឱ្យចំនួនផ្ទះ ដែលប្រគល់ជូនដោយកកាបាទក្រហម សម្រាប់ខេត្តនេះ មានចំនួនដល់ទៅ៦២៨ខ្នង ខណៈកាលពីចុងខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានប្រគល់ផ្ទះប្រមាណ២០០ខ្នង ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ជាមួយគ្នានេះ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ ហ៊ុន ម៉ាណែត បានប្រគល់ផ្ទះជូនគ្រួសារនិវត្តជនចំនួន២៨គ្រួសារ និងសម្ពោធ ដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍ មានទំនប់ទឹកបង្ហៀរ ផ្លូវក្រួសក្រហម និងសាលាបុណ្យ ស្ថិតនៅតំបន់អភិវឌ្ឍន៍ សម្តេចតេជោ អូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងពិធីនេះលោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលនៃសង្គ្រាម ហើយក្នុងនោះ ក៏មានការចូលរួមពីសំណាក់យុទ្ធមិត្ត ដែលបច្ចុប្បន្ន ខ្លះក៏បានចូលនិវត្តន៍ ខ្លះទៀតបាត់បង់សមត្ថភាពការងារពិការដៃ ពិការជើងជាដើម ហើយបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅជាប្រទេសកំពុងអភិវឌ្ឃន៍។ ដូច្នេះ ការផ្តល់ជូននេះ គឺជាការតបស្នងចំពោះគុណបំណាច់ ដ៏ខ្ពង់ខ្ពស់ ដែលអតីតយុទ្ធជនបានលះបង់កន្លងមក ក្រោមយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកគ្រប់រូបភាពជូនអតីតយុទ្ធជន។

ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បានចាត់ឱ្យតំណាងរបស់ខ្លួន ចុះប្រគល់ផ្ទះចំនួន៥៩ខ្នង ជូនដល់យោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ដើម្បីសម្រួលដល់ការរស់នៅឱ្យបានកាន់តែប្រសើរឡើង និងនៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានអញ្ជើញសំណេះសំណាល និងប្រគល់ផ្ទះចំនួន១២៥ខ្នង ជូនអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ច នៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕