ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា ជោគជ័យណាក៏ដោយក៏មិនត្រូវមើលរំលងនូវកត្តាសន្ដិភាពបាននោះដែរ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលងអំពីកត្តាសន្ដិភាព ហើយក៏មិនរស់នៅជាមួយ សង្គ្រាមឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១ ០៤៩ នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កត្តាសន្ដិភាព គឺជារឿងមិនអាចមើលរំលង ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលងអំពីកត្តាសន្ដិភាពទេ ព្រោះការអប់រំក្ដី កីឡាក្ដី ឬក៏ផ្នែកសិល្បៈក្ដី ផ្នែកណាក៏ដោយ មិនរស់នៅជាមួយសង្គ្រាមទេ គឺវាអាចរស់នៅជាមួយសន្ដិភាពប៉ុណ្ណោះ»។

សម្ដេចតេជោថ្លែងបញ្ជាក់ថា យុវជនសម័យមុនបាត់បង់ឱកាសរៀនសូត្រស្ទើរទាំងស្រុង ខណៈសម័យ ប៉ុលពត យុវជន គឺបាត់បង់ឱកាសរៀនសូត្រទាំងស្រុង។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានរម្លឹកថា ឆ្នាំ១៩៧០ ដល់១៩៧៥ គឺបាត់បង់ឱកាសរៀនសូត្រធំធេងណាស់ ក៏ប៉ុន្ដែនៅសល់ខ្លះនៅតាមទីប្រជុំជន ដែលសាធារណរដ្ឋខ្មែរកាន់កាប់ នៅបើកសាលារៀន ហើយតំបន់ត្រូវរំដោះសង្គ្រាម ត្រូវបិទសាលារៀន។ ដូច្នេះ យុវជន និងកុមារ ត្រូវបាត់បង់ឱកាស រៀនសូត្រ។

សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះមានការផ្លាស់ប្តូរឥរិយាបថទាំងក្រុមគ្រួសារ ដែលកាលពីមុនមានមួយចំណែកមានការពឹងពាក់លើការអន្តរាគមន៍ ប៉ុន្តែពេលនេះ លែងពឹងពាក់ការអន្តរាគមន៍ហើយ។ ផ្ទុយទៅវិញបែរជាជំរុញកូនចៅខ្លួនខិតខំ រៀនសូត្រ និងខិតខំជួយបង្រៀនបន្ថែមទៀត។ សម្ដេចតេជោបន្ដថា ទាំងលោកគ្រូ អ្នកគ្រូ ប្រឹងប្រែងដើម្បីឱ្យសិស្សក្នុងសាលាខ្លួនបានជាប់ ដែលចំណុចនេះត្រូវបានលើកទឹកចិត្ត និងគ្មានការដើរថយក្រោយនោះទេ គឺត្រូវតែទៅមុខជានិច្ច។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានជួយដល់ការបង្រៀនសិស្សនៅតាមមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំការប្រឡងគឺមានការកើនឡើងជាលំបាប់ ហើយក្នុងឆ្នាំ២០១៤ ពេលនោះ បេក្ខជនប្រឡងជាប់២៥,៨២ភាគរយ ដែលពេលនោះរដ្ឋមន្ត្រីក្រសួងអប់រំស្នើឱ្យមានការប្រឡងជាលើកទី២ ដល់លទ្ធផលប្រឡងលទ្ធផលជាប់តែ១៧,៩២ភាគរយ។ សរុបទាំងពីរលើកប្រឡង ជាប់មិនដល់៥០ភាគរយនោះទេ ហើយសិស្សនិន្ទេស A មានតែ១១នាក់ ប៉ុណ្ណោះ។ ចំពោះអ្នក១១នាក់ ត្រូវបានសម្តេចតេជោជាអ្នកចេញថវិកាឱ្យរៀន។ ក្នុងឆ្នាំ២០១៥បេក្ខជនប្រឡងជាប់មាន៥៥,៨៨ភាគរយ ដែលចំនួននេះចាប់ផ្តើមមានកំណើនបន្ទាប់ពីមានការខិតខំយកបទពិសោធន៍មកសិក្សា ក្នុងនោះសិស្សនិន្ទេស A ក៏មានចំនួនកើនឡើងផងដែរ។

សម្ដេចតេជោបានបន្ដទៀតថា នៅឆ្នាំបន្តបន្ទាប់មកទៀត ទាំងសិស្សប្រឡងជាប់ បាក់ឌុប និងសិស្សប្រឡងជាប់និន្ទេស A មានចំនួនច្រើនឡើងៗផងដែរ (ឆ្នាំ២០២០ មិនបានប្រឡងដោយកូវីដ ឱ្យជាប់ទាំងអស់គ្នា)៕