ប្រទេសទន្លេមេគង្គក្រោមដែលរងភាពខ្វះទឹក បានសម្តែងក្តីរីករាយ ដោយសារប្រទេសចិនបានបើកទំនប់ទឹកវារីអគ្គិសនី ជីង ហុង នៃខេត្តយូណាន បង្ហូរចុះឱ្យប្រើប្រាស់ ។ ប្រទេសទន្លេមេគង្គក្រោមដែលទទួលបានទឹកបង្ហូរ រួមមានៈ ប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា ។
ព័ត៌មាននៃការបង្ហូរទឹកប្រើប្រាស់នេះ បានឱ្យដឹងតាមមន្ត្រីអ្នកនាំពាក្យចិន និងបានទទួលការអបអរសាទរពីប្រទេសដែលស្ថិតនៅភាគខាងក្រោមទន្លេមេគង្គ ។ យោងតាមព័ត៌មានដែលប្រកាស ការបង្ហូរទឹកឱ្យប្រទេសនៅខាងក្រោមនេះ បានធ្វើចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៦ ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ ស្វាគមន៍ចំពោះការបង្ហូរទឹកនោះ និងចាត់ទុកថា ការបង្ហូរទឹកចូលមកទន្លេមេគង្គ បានបង្ហាញជាថ្មីម្តងទៀត ពីកិច្ចសហប្រតិបត្តិការល្អលើការគ្រប់គ្រងធនធានទឹក រវាងបណ្តាប្រទេសមេគង្គ និងចិន ដែលជាផ្នែកមួយដ៏សំខាន់នៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
គួរកត់សម្គាល់ថា ការបង្ហូរនេះ គឺលើកទី២ ហើយក្នុងឆ្នាំ ២០១៦នេះ ដែលការបង្ហូរទឹកលើកទី១ ចំនួន ២ពាន់ ៣០០លានម៉ែត្រគូប បានធ្វើរវាងពីខែមករា ដល់ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយការបង្ហូរនោះ ត្រូវគេចាត់ទុកថាជួយសម្រាលផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ។