ថ្នាក់ដឹកនាំខេត្តព្រះសីហនុ សម្ពោធសមិទ្ធផលនានានានៅវត្តស្មាច់ដែង ឃុំរាម សុ្រកព្រៃនប់ និងនាំយកបច្ច័យរបស់សម្តេចតេជោ សម្រាប់កសាងសមិទ្ធផលបន្ត


ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញសម្ពោធសមិទ្ធផលនានានានៅវត្តស្មាច់ដែង ឃុំរាម សុ្រកព្រៃនប់ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការនិមន្តចូលរួមពីព្រះរាជាគណៈកិត្តិយសព្រះមេគណខេត្ត មានការចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលព្រះសីហនុ អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានអានរបាយការណ៍ថា សមិទ្ធផលនានានៅវត្តស្មាច់ដែង មានកុដិមួយខ្នង បណ្តោយ ១៤ម៉ែត្រ ទទឹង១៣ម៉ែត្រ កម្ពស់ ៨,៣០ ម៉ែត្រ (១ជាន់) ចេតីយ៍១ សំពៅត្រៃលក្ខណ៍ សាលាតម្គល់ព្រះពុទ្ធរូបព្រះអង្គ យាងចូលព្រះនិពាន្ធ និងប្រាសាទលោកយាយម៉ៅ ១ខ្នង សមិទ្ធផលទាំងអស់ ក្នុងវត្តស្មាច់ដែង ដែលសម្ពោធឆ្លងនាពេលនេះចំណាយ ថវិកាចំនួន ២១២.១៥៨ដុល្លារ។ កំពុងដំណើរការសាងសង់សាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) ១ខ្នង មានបណ្តោយ ៣២ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្ពស់ ១១ម៉ែត្រ (២ជាន់) ស្មើនឹង ៨បន្ទប់ សម្រេចបាន ៤០%ហើយ។

ក្នុងពិធីសម្ពោធនេះឯកឧត្តម គួច ចំរើន បានលើកឡើងថា សមិទ្ធផលនានាក្នុងវត្តស្មាច់ដែង បានលេចចេញជារូបរាងដោយការខិតខំប្រឹងប្រែង របស់ព្រះចៅអធិការគណៈកម្មការអាចារ្យវត្តដែលលះបង់កម្លាំងព្រះកាយ កម្លាំងព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធានចូលរួមអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន រហូតកសាងបាននូវហើយសមិទ្ធផលនេះកើតឡើងដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយសម្រាប់តម្តល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ គោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ កម្ពុជាអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត។

ឯកឧត្តមអភិបាលខេត្ត លើកឡើងទៀតថា «ស្របពេលកម្ពុជារស់នៅពោរពេញដោយសុខសន្តិភាព វិបុលភាព សុភមង្គលមានសិទ្ធិសេរីភាពខាង ជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំដ៏ឈ្លាសវៃនិងមានចក្ខុវិស័យវែងឆ្ងាយគ្រប់ជ្រុងជ្រោយ»។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡា ៣ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ រួមមាន៖

*កីឡាទូកក្កោង
*កីឡាម៉ូតូទឹក
*កីឡាបាល់ទះលើឆ្នេរខ្សាច់។ ដូច្នេះយើងត្រូវចូលរួមសម្អាតបរិស្ថានអនាម័យនៅតាមទីធ្លាសាធារណៈ និងនៅតាមគេហដ្ឋានរៀងៗខ្លួនឱ្យបានសាកសម ជាទីក្រុងទេសចរណ៍ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរ
ជាតិ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ និងឆ្នាំបន្តបន្ទាប់។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានប្រគេនបច្ច័យ ៨ពាន់ដុល្លារ ទូទាត់ថ្លៃជំពាក់ការសាងសង់ ជូនយាយជី តាជី ៣០នាក់ ក្រណាត់ស ១ដុំ ថវិកា ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥០នាក់ ម្នាក់ ៥ម៉ឺនរៀល យុវជនកាកបាទក្រហម កាយរិទ្ធ ស.ស.យ.ក អ.ម.ត សមាគមនារី ដើម្បីសន្តិភាព២០០នាក់ ម្នាក់ ២ម៉ឺនរៀល សិស្សានុសិស្ស ចំនួន១០០នាក់ ម្នាក់ សៀវភៅ២ក្បាល ប៊ិច២ដើម ថវិកា ១ម៉ឺនរៀល សាលាស្រុកព្រៃនប់ ១លានរៀល មណ្ឌលសុខភាព ៥0ម៉ឺនរៀល៕