សម្ដេចតេជោ អនុញ្ញាតអោយតំណាងក្រុមហ៊ុនធំចំនួន៤របស់ជប៉ុនចូលជួបសម្ដែងការគួរសម


នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយតំណាងក្រុមហ៊ុនធំៗជប៉ុនចំនួន០៤ ចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងាររួមមាន:- 1-ក្រុមហ៊ុនដេនសូ​ (Denso, Cambodia, Co, Ltd) 2-ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ (TOYOTA Tsuso Co, Ltd) 3-ធនាគារមីហ្សឹហូ (Mizuho Bank, Ltd) និង4-ក្រុមមីនីប៊ែរ (Minebea, Cambodia, Co, Ltd) ដែលធ្វើឡើងនៅក្នុងសណ្ឋាគារញ៉ូវអូតានី ក្រុងតូក្យូ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ បានបង្ហាញដល់ក្រុមអ្នកវិនិយោគជប៉ុនអំពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ប្រកបដោយបរិយាកាសនយោបាយល្អ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនដែលបានកសាងឡើង ជាមួយប្រព័ន្ឋទឹកភ្លើង និងតម្លៃពលកម្មថោកសមរម្យ ហើយនៅកម្ពុជាកំពុងទទួលបានអ្នកវិនិយោគិនជប៉ុនកាន់តែច្រើនឡើង។
នៅក្នុងជំនួបប្រជុំរវាង សម្តេចតេជោ និងក្រុមអ្នកវិនិយោគជប៉ុនថ្ងៃនេះ គឺបានផ្តល់នូវភាពកក់ក្តៅដល់បណ្តាក្រុមហ៊ុនជប៉ុន​ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានទាក់ទាញនូវក្រុមហ៊ុនវិនិយោគថ្មីៗថែមទៀតទៅកម្ពុជាអោយបានច្រើន ជាពិសេស សម្តេចតេជោ បានជំរុញការវិនិយោគលើវិស័យឧស្សហកម្ម ដើម្បីបង្កើនការងារ និងប្រាក់ចំណូលដល់បងប្អូនប្រជាពល រដ្ឋ ក៏ដូចជាបង្កើនថវិកាសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។
គិតមកដល់ឆ្នាំ២០១៧ នេះគឺជាខួបលើកទី២៥ឆ្នាំ ដែលជប៉ុនបានបញ្ជួនកងទ័ពដំបូងបំផុតចេញក្រៅប្រទេស បន្ទាប់ពីសង្រ្គាមលោកលើកទី​២ មកកាន់កម្ពុជានៅឆ្នាំ១៩៩២ ដើម្បីចូលរួមរក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ដែលស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UNTAC)។ ឆ្នាំ ២០១៧ នេះដែរ ក៏ជាខួបលើកទី៦០ នៃដំណើរទស្សនកិច្ចលើកដំបូងនៅឆ្នាំ ១៩៥៧ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Nobusuke Kishi ដែលត្រូវជាជីតារបស់លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ។ ទាំងនេះគឺបានបង្ហាញអំពីប្រវត្តិទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ឋរវាងកម្ពុជា-ជប៉ុន។ ប្រវត្តិនៃទំនាក់ទំនងការទូត និងមិត្តភាពដ៏យូរអង្វែងនេះ ស្របពេលដែលកម្ពុជាកំពុងមានសន្តិភាពពេញលេញ គឺបានទាក់ទាញ និងផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគជប៉ុនកាន់ច្រើនឡើងៗមកបណ្តាក់ទុននៅកម្ពុជា៕