ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ (ស្រុកសាមគ្គីមុនីជ័យ) ខេត្តកំពង់ស្ពឺ


នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ (ស្រុកសាមគ្គីមុនីជ័យ) ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក លោកស្រីអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយខេត្តកំពង់ស្ពឺជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានសម្ដែងនូវការចូលរួមអបអរសាទ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយព្រះតេជគុណគ្រប់ព្រះអង្គ ពុទ្ធបរស័ទជិតឆ្ងាយ ជាពិសេសលោកតា លោកយាយ និងប្រជាពលរដ្ឋ នៃឃុំក្រាំងចេកទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតស្របតាមសេចក្ដីត្រូវការរបស់ទីវត្តអារាម។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងគៀរគរការចូលរួមពីសប្បុរសជន ដើម្បីកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ លោកបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាមួយស្រុកឧដុង្គ ដែលជាទឹកដីដំបូងដែលឯកឧត្តមចាប់ផ្តើមការងារមូលដ្ឋាន។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា មកទល់ពេលនេះយើងបានឃើញសមិទ្ធផលនានាដែលធ្វើឲ្យលោកមើលឃើញការអភិវឌ្ឍរបស់ឃុំក្រាំងចេក ហើយអ្វីទាំងអស់នេះហើយដែលជាចំណងអនុស្សាវរីយ៍ក្នុងស្រុកឧដុង្គ។ លើសពីនោះថែមទៀត លោកបានអំពាវនាវ និងលើកទឹកចិត្តចំពោះមន្រ្តីមន្ទីទេសរណ៍ខេត្តរិះរកវិធីសាស្រ្តដើម្បីទាក់ទាញភ្ញៀវទេសចរ ស្របតាមបរិបទផ្ទាល់របស់ខេត្តកំពង់ស្ពឺ។

សូមជម្រាបដែរថា ឧបដ្ឋានសាលា និងសមិទ្ធផលនានាដែលបានដាក់សម្ពោធនាព្រឹកនេះ ត្រូវបានចាប់ផ្ដើមកសាងឡើងតាំងពីចុងឆ្នាំ២០១៨ ហើយសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២២ និងប្រើប្រាស់ថវិកាចំនួន៣១៥,៧៦៧ដុល្លារ ដែលជាការផ្តួចផ្ដើមគំនិតដោយព្រះគ្រូចៅអធិកា លុយ សុផល៕