ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល​ ដឹកនាំពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាក្រុងអរិយក្សត្រ ខេត្តកណ្តាល


ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានចូលរួមជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិក្សត្រ ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល ក្រុមការងារចុះជួយសង្កាត់ទាំង១១ គណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម បេក្ខជនក្រុមប្រឹក្សាក្រុង និងសមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត។

ក្រោយពីបានស្តាប់របាយការណ៍លទ្ធផល នៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ០៨ថ្ងៃ កន្លងមក លោកអនុប្រធានគណបក្សខេត្ត បានធ្វើការគូសបញ្ជាក់ថា សភាពការណ៍ជារួមនៃដំណើរការ ឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ក្នុងរយៈពេលនេះ ក្រុមការងារ បានសហការជាមួយគណបក្សស្រុក គណបក្សឃុំ ធ្វើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបានណែនាំឲ្យស្គាល់ពីទីតាំងការិយាល័យបោះឆ្នោត លំដាប់លេខរៀងលើសន្លឹកឆ្នោត និងចេះគូសសន្លឹកឆ្នោត។ ក្នុងនោះលេខរៀង គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត ស្ថិតនៅលំដាប់ទី២ និងមានទីតាំងការិយាល័យបោះឆ្នោត នៅសាលាបឋមសិក្សាសុវណ្ណសាគរ។

លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយត្រូវនៅដល់ការិយាល័យបោះឆ្នោតនៅម៉ោង ៧,០០ព្រឹក ត្រៀមឯកសារសម្រាប់ការបោះឆ្នោត រួមមានអត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ក្រុមប្រឹក្សា ព្រមទាំងថែរក្សាសុខភាពអោយបានល្អ។

ក្នុងនោះ លោកអនុប្រធានបានលើកឡើងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទំខាងនយោបាយ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគេ។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាល កសាងប្រទេសជាតិ ឲ្យមានការរីកចម្រើន អភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យ រក្សាបាននូវសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់អគ្គមគ្គុទេសក៍ឆ្នើម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះដើម្បីបន្តសុខសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត សូមបងប្អូនទាំងអស់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។

សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១១ ដែលជាអង្គបោះឆ្នោត បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្រុងអរិយក្សត្រ ដែលស្ថិតនៅលំដាប់លេខរៀងទី២ លើសន្លឹកឆ្នោត គ្រប់ៗគ្នា៕