ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាកំពុងប្រឈមជាមួយបរិការណ៍តំបន់ និងពិភពលោក ដែលការប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងស្មុគស្មាញ ទាមទារឲ្យត្រូវគិតគូរ និងដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្មីៗ


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាកំពុងប្រឈមនឹងបរិការណ៍តំបន់ និងពិភពលោកមួយ ដែលមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងស្មុគស្មាញ ដែលទាមទារឲ្យយើងត្រូវគិតគូរ និងដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្មីៗ ដើម្បីជំរុញកំណើន ទន្ទឹមគ្នានឹងការបន្តដោះស្រាយ ស្លាកស្នាមនៃផលប៉ះពាល់អវិជ្ជមាន ក្នុងរយៈពេល៣ឆ្នាំកន្លងមក ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចបៃតង។

ការលើកឡើងបែបនេះរបស់ឯកឧត្តម វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរៀបចំកិច្ចសន្ទនា គោលនយោបាយ តាមវិស័យ (Sector Policy Dialogue) ជាមួយតំណាងដៃគូអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ ទៀត រួមមាន ៖ ការវិនិយោគ/ការវិនិយោគផ្ទាល់ ពីក្រៅប្រទេស (FDI), ការប្រកួតប្រជែង, ការដឹកជញ្ជូន និងឡូជីស្ទីក និងការទទួលបានសេវាហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងវិស័យសុខាភិបាល និងការគាំពារសង្គម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

កិច្ចសន្ទនាគោល នយោបាយតាមវិស័យនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Mariam Sherman នាយកធនាគារពិភពលោក (WB) ប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ តំណាងឲ្យដៃគូអភិវឌ្ឍន៍ ដោយមានការចូលរួម ពីតំណាងក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, គ្រឹះស្ថានឧត្តមសិក្សា, ស្ថាប័នស្រាវជ្រាវ, សភាពាណិជ្ជកម្ម, សមាគម, និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

លោក វង្សី វិស្សុត បានលើកឡើងថា គោលបំណង នៃការរៀបចំកិច្ចសន្ទនា គោលនយោបាយតាមវិស័យនេះ គឺដើម្បីធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ និងទស្សនៈពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអាចប្រមូលបាននូវធាតុ ចូលប្រកបដោយបរិយាប័ន្ន និងមានលក្ខណៈឆ្លើយតប សម្រាប់កំណត់ទិសដៅ យុទ្ធសាស្រ្ត និងដាក់ចេញនូវវិធានការគោលនយោបាយជាអាទិភាពនានា ក្នុងគោលដៅដើម្បីអាចធានាបានថា នាវាកម្ពុជា នឹងនៅបន្តស្ថិតនៅលើមាគ៌ា ឆ្ពោះទៅ រកការសម្រេច បាននូវចក្ខុវិស័យអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាការរៀបចំ របៀបវារៈគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀត ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ បន្តពីផែនការយុទ្ធសាស្រ្ត អភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ដែលនឹងត្រូវផុតអាណត្តិ នាពេលខាងមុខនេះ។

លោកបានបន្តថា លទ្ធផល នៃកិច្ចសន្ទនាគោលនយោបាយថ្ងៃនេះ នឹងក្លាយជាត្រីវិស័យ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការតម្រឹម និងតម្រង់ទិសការរៀបចំយុទ្ធសាស្រ្ត និងអាទិភាពគោលនយោបាយ តាមវិស័យរបស់ខ្លួន ដែលជាការផ្លាស់ប្តូរជាសារវ័ន្ត (Gamechangers) សម្រាប់កម្ពុជាធ្វើការសម្របខ្លួន ដើម្បីអាចធ្វើការទប់ទល និងឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យនានា ក៏ដូចជាដើម្បីអាចចាប់យកកាលានុវត្តភាពទាំងឡាយ សម្រាប់ជាឧត្តមប្រយោជន៍កម្ពុជា នៅក្នុងបរិការណ៍ នៃពិភពលោកមួយ ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងបន្ទាប់ពីបានឆ្លងកាត់ នូវដំណាក់កាល ដ៏លំបាកលំបិនបំផុត ដោយសាររាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងកំឡុងឆ្នាំ២០២០-២០២២ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ និងបានបន្ទុចបង្អាក់ដល់ការសម្រេចបាននូវចក្ខុវិស័យ របស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោក វង្សី វិស្សុត បានបន្តលើកឡើងផងដែរថា សេដ្ឋកិច្ចកម្ពុជា បានវិលត្រឡប់មកលើមាគ៌ានៃកំណើនដ៏រឹងមាំ និងប្រកបដោយចីរភាពឡើងវិញ។ ក៏ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា កំពុងបន្តប្រឈមនឹងបញ្ហារចនាសម្ព័ន្ធធំៗ មួយចំនួន ដែលអាចរារាំងដល់កំណើន រយៈពេលវែង ក្នុងនោះ រួមមាន៖ (១).ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការចូលរួមពីវិស័យឯកជននៅតែមានកម្រិត, (២).កង្វះធនធានមនុស្ស ដែលមានជំនាញឆ្លើយតប ទៅនឹងតម្រូការសម្រាប់សេដ្ឋកិច្ចឌីជីថល និងការធ្វើទំនើបកម្មឧស្សាហកម្ម ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍, (៣). កង្វះហេដ្ឋារចនាសម្ព័ន្ធ, (៤).សមត្ថភាព និងអភិបាលកិច្ច នៃស្ថាប័នសាធារណៈ នៅមានកម្រិត, (៥).លំហសារពើពន្ធនៅមានកម្រិតទាប និង (៦).ភាពកាន់តែងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ។

លោកបានគូសបញ្ជាក់ថា ក្រៅពីនេះ, កម្ពុជាក៏កំពុងប្រឈមនឹងបរិការណ៍តំបន់ និងពិភពលោកមួយ ដែលមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងស្មុគស្មាញ ដែលទាមទារ ឲ្យយើងត្រូវគិតគូរ និងដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្មីៗ ដើម្បីជំរុញកំណើន ទន្ទឹមគ្នានឹងការបន្តដោះស្រាយ ស្លាកស្នាមនៃផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចបៃតង ។

លោកបានសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច គឺជាសសរស្តមស្នូល នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្មីនេះ។ ហើយដើម្បីអាចមានភាពប្រកួតប្រជែងខ្ពស់ កម្ពុជាចាំបាច់ត្រូវតែមាន៖ ការដឹកជញ្ជូន និងឡូជីស្ទីក ប្រកបដោយប្រសិទ្ធភាព និងមានថ្លៃថោក, វិស័យហិរញ្ញវត្ថុ ប្រកបដោយស្ថេរភាព និងបរិយាបន្ន, និងកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ និងមានសុខភាពល្អជាដើម ។ ទន្ទឹមនេះ លោក បានគូសបញ្ជាក់ពីភាព ចាំបាច់ នៃការចូលរួមជាមួយគ្នា រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ ។

លោក វង្សី វិស្សុត បានបន្តលើកឡើង អំពីភាពចាំបាច់ក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស (FDI) ដើម្បីបម្រើឲ្យគោលដៅទ្រទ្រង់កំណើន, បង្កើតការងារ, បង្កើនប្រាក់ចំណូល និងតម្លៃបន្ថែម ឲ្យបានច្រើន ក្នុងសេដ្ឋកិច្ច សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍប្រទេស និងការកសាងកម្ពុជរដ្ឋ របស់យើងឲ្យកាន់តែរឹងមាំ ហើយអាចឈរជើងបានយូរអង្វែង ក្នុងបរិការណ៍មួយដែលពិបាកប៉ាន់ស្មាន បានទៅថ្ងៃមុខ ដោយស្មើមុខ និងស្មើសិទ្ធិ។ ក៏ប៉ុន្តែ FDI គឺជាការដណ្តើមគ្នា ទាំងក្នុងឆាកតំបន់ និងពិភពលោក ខុសប្លែកពីមុន និងកាន់តែស្មុគស្មាញ ដោយសារការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច។

ទន្ទឹមនេះ ការប្រែប្រួលអាកាសធាតុ ក៏បានក្លាយជាទិដ្ឋភាពថ្មីមួយទៀត ដែលតម្រូវឲ្យប្រទេសនីមួយៗ ត្រូវគិតគូរអំពីទិដ្ឋភាពបៃតង នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រហូតដល់ការប្រកួតប្រជែង ក្នុងការទាក់ទាញការវិនិយោគ ។ ដូច្នេះ យើងចាំបាច់ត្រូវបុរេសកម្មក្នុងការទាក់ទាញ FDI ដែលប្រកប ដោយគុណភាព និង មានប្រយោជន៍ដល់កម្ពុជា ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដោយមិនអាចបណ្តែតបណ្តោយ តាមយថាកម្ម បាននោះទេ។

លោកបានបន្តថា យើងត្រូវខិតខំប្រឹងប្រែងធ្វើរឿងនេះ ឲ្យអស់ដៃ ដើម្បីកម្ពុជាអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី ឲ្យក្លាយជាការពិតជាក់ស្តែង ។ ក្នុងន័យនេះ យើងត្រូវរៀបចំក្របខណ្ឌរួមមួយ សម្រាប់ទាក់ទាញការ វិនិយោគថ្មី ឲ្យបានច្រើន ទន្ទឹមនឹងការថែទាំវិនិយោគដែលមានស្រាប់ ក៏ដូចជាការផ្សាភ្ជាប់ និងការបំពេញបន្ថែមឲ្យគ្នា រវាង FDI និងការវិនិយោគក្នុងស្រុក។ ជាមួយគ្នានេះ ក៏ត្រូវរៀបចំក្របខណ្ឌដោយឡែក ដែលមានលក្ខណៈមុតស្រួច និងប្រសិទ្ធភាព ដោយផ្តោតលើការ វិនិយោគជាក់លាក់ ក្នុងវិស័យណា មួយច្បាស់លាស់។

លោកបានស្នើ WB ពិនិត្យលទ្ធភាពក្នុងការដឹកនាំការសិក្សាលម្អិត អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា ដោយសហការ ជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត និងរៀបចំផ្តល់ជាអនុសាសន៍ ដើម្បីដោះស្រាយបញ្ហា ដែលបានរកឃើញ។ កិច្ចសន្ទនាគោលនយោបាយ តាមវិស័យនេះ បានប្រព្រឹត្តិទៅពេញមួយថ្ងៃ។ អង្គប្រជុំបានស្តាប់បទបង្ហាញ អំពីលទ្ធផលនៃការស្រាវជ្រាវវិភាគស៊ីជម្រៅ និងប្រកបដោយវិជ្ជាជីវៈ របស់ជំនាញការជាន់ខ្ពស់ WB និងបានធ្វើការពិភាក្សាផ្លាស់ប្តូរមតិយោបល់លើស្ថានភាព, សមិទ្ធផល, បញ្ហាប្រឈម និងអនុសាសន៍គោលនយោបាយ លើវិស័យអាទិភាពចំនួន ៤ រួមមាន៖ ការវិនិយោគ/ការវិនិយោគផ្ទាល់ពីក្រៅប្រទេស (FDI), ការប្រកួតប្រជែង, ការដឹកជញ្ជូន និងឡូជីស្ទីក និងការទទួលបានសេវាហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងវិស័យសុខាភិបាល និងការគាំពារសង្គម។

គួរបញ្ជាក់ដែរថា នេះជាលើកទី២ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចសន្ទនា គោលនយោបាយ តាមវិស័យ (Sector Policy Dialogue) ជាមួយដៃគូអភិវឌ្ឍន៍ ដែលលើកទី ១ គឺសហការរៀបចំ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន ៖ វិស័យអភិវឌ្ឍន៍ជំនាញ, វិស័យអប់រំ, វិស័យថាមពល, និង វិស័យកសិកម្ម៕