ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តសិលារង្សី ខេត្តត្បូងឃ្មុំ


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តំណាងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងសម្ភោធឆ្លងសមិទ្ធផលនានានៅវត្តសិលារង្សី (វត្តត្រពាំងថ្កូវ ឬវត្តចាស់) ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរចំពោះសមិទ្ធផលនានា ដែលបានសម្ពោធនាឱកាសនេះថា ពិតជាមានសារៈសំខាន់នៅក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

គួរកត់សម្គាល់ថា វត្តនេះ ក៏ដូចវត្តដទៃទៀតត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានអ្វីសេសសល់ឡើយ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បណ្តាវត្តអារាមទាំងអស់ ត្រូវបានស្តារនិងកសាងឡើងវិញជាបន្តបន្ទាប់ នៅពាសពេញប្រទេស។

ឯកឧត្តម វង សូត្រ បានលើកឡើងថា ព្រះវិហារថ្មី សាឡំ សាលាធម្មសភា បន្ទប់អនាម័យ អណ្តូងស្នប់ សាបបេតុង បង្គោលភ្លើង ការ៉ូកាឡា និងសមិទ្ធផលនានាក្នុងវត្ត ដែលដាក់សម្ពោធនាឱកាសនេះ បានកើតចេញពីទឹកចិត្តជ្រះថ្លារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធ សៅ ទី ហេងសំរិន រួមជាព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានចម្រើនរុងរឿង។

ឯកឧត្តមបានបន្តថា វត្តអារាមរបស់ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមខែ្មរ។ ទីវត្តអារាម ជាកន្លែងសម្រាប់អប់រំចិត្ត គោរពបូជាតាមផ្លូវជំនឿសាសនា និងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ជាថ្នាលបណ្តុះនិងថែរក្សានូវគម្ពីរក្បួនច្បាប់ អក្សរសាស្រ្ត ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី តម្លៃសីលធម៌ និងធនធានមនុស្សខាងបញ្ញាស្មារតី តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទទំាងអស់ នាំគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមដែលកម្ពុជាកំពុងទទួលបាននាពេលនេះឱ្យបានគង់វង្ស ដើម្បីទទួលបានការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើនតកូតចៅជារៀងរហូតទៅ៕