សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ទោះបីជាប្រទេសមានសុខសន្តិភាព រាជរដ្ឋាភិបាល នៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ វរៈសេនាតូចលេខ២៦៩ និងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនិងបានរៀបចំនៅក្នុងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរគុណ និង កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយ បង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍ គ្រោះមហន្តរាយនានា។
សម្តេចបានមានប្រសាសន៍ថា នេះ ជាលើកទី១១ ហើយដែលក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច រួមជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងក្រុមហ៊ុន គូហ៊ូ ឡុង រួមជាមួយវិស័យឯកជនផ្សេងទៀត បានចុះមកសំណេះសំណាលដល់កងកម្លាំងដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនាថ្ងៃនេះ ។
សម្តេចបានបន្តទៀតថា បើទោះបីកម្ពុជាមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច ជាពិសេស កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលនេះជាការ ឆ្លុះបញ្ចាំង ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែល កំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង។
នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានដោះស្រាយតាមសំណូមពររបស់អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ និង វរៈសេនាតូចលេខ២៦៩ ក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាពទាំងពីរ និងបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាពចំនួនបី រួមមាន ៖ អង្ករ ២០តោន ត្រីខ ៧០កេស មីជាតិ ៣០០កេស ទឹកត្រី ២០០កេស ទឹកស៉ីអ៉ីវ ២០០កេស ត្រីងៀត ៣០គីឡូក្រាម ថ្នាំពេទ្យ ១៥កេស កុំព្យូទ័រ ១គ្រឿង ម៉ាស៉ីនព្រីនធ័រ ១គ្រឿង ឧបត្ថម្ភ អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ ចំនួន ២៨លានរៀល និង ៧ពាន់ដុល្លារ ឧបត្ថម្ភ អង្គភាពវរៈសេនាតូចលេខ២៦៩ ចំនួន ២០លានរៀល និង ៣ពាន់ដុល្លារ និងអង្គភាពកងកម្លាំងប្រចាំការទិសភូមិភាគ៣ ចំនួន២លានរៀល និងឧបត្ថម្ភដល់កងកម្លាំង ៣៣៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល ៕