អភិបាលខេត្តកំពង់ធំ ជំរុញឱ្យម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ យកចិត្តទុកដាក់ដល់សុខភាពកម្មករ និងបានដាស់តឿនទៅដល់កម្មករទាំងអស់ ត្រូវគោរពទៅតាមកិច្ចសន្យារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន


ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ យកចិត្តទុកដាក់ដល់សុខភាពកម្មករ និងបានដាស់តឿនទៅដល់កម្មករទាំងអស់ ត្រូវគោរពទៅតាមកិច្ចសន្យារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន។

ឯកឧត្តម ងួន រតនៈ បានថ្លែងបែបនេះ នៅក្នុងឱកាសលោកដឹកនាំសហការី ចុះសួរសុខទុក្ខកម្មករកម្មការិនី ដែលធ្វើការងារនៅតំបន់ចំការកៅស៊ូចំនួន៥០០នាក់ ក្នុងក្រុមហ៊ុនចំនួន៤គឺ ក្រុមហ៊ុន តាន់បៀន, ភឿកហ្វា បារៀរ៍, និងហ្គោលហ្វ័លសុន នៃការរំលឹកខួបអនុស្សាវរីយ៍លើកទីលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១២០២៣ ក្រោមប្រធានបទ៖ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែនផងដែរ។ ឯកឧត្តមបានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការគ្រប់គ្រងធ្វើបណ្ណ និងសៀភៅការងារជាពិសេសនោះ ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមបន្តថា លក្ខខណ្ឌទាំងនេះរាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គមដែលបានរៀបចំគឺរបបធានារ៉ាប់រងហានិភ័យការងារ លើគ្រោះថ្នាក់កាងារ និងជំងឺវិជ្ជាជីវៈដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិតចាប់ពីម្នាក់ ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនយោជក ហើយមិនតម្រូវឱ្យកាត់ប្រាក់ ឈ្នួលពីនយោជិកនោះឡើយ ហើយផ្នែកធានារ៉ាប់រងថែទាំសុខភាព សំដៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែរទាំវេជ្ជសាស្ត្រ សេវាបង្កាសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជំងឺគ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ។

ឯកឧត្តម ងួន រតនៈ បានដាស់តឿនដល់កម្មករទាំងអស់ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើយ៉ាងណាខិតខំឲ្យក្លាយជាកម្មករជំនាញ ដើម្បីក្លាយជាម្ចាស់ដោយខ្លួនឯង ការគោរពច្បាប់ចរាចរណ៍ ពិសេសទៀតត្រូវចាយវាយថវិកា របស់ខ្លួនឲ្យចំគោលដៅ និងមិនត្រូវយកថវិកានោះទៅលេងល្បែងស៊ីសងដែលនាំឲ្យខុសនឹងច្បាប់។

ជាមួយគ្នានេះ លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានលើកឡើងថាខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់កម្លាំងពលកម្មសរុប៤០៧ សហគ្រាស មានកម្មករ និយោជិតចំនួន១៤,៣២០នាក់ ស្រី៥,៤២៨ នាក់ក្នុងនោះ វិស័យ ចម្ការកៅស៊ូធំៗចំនួន១៧សហគ្រាស មានកម្មករនិយោជិតសរុប១០,៦៩៧នាក់ ស្រី៣,៦៧៦នាក់ ក្នុងនោះក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មាន០៩សហគ្រាស មានកម្មករនិយោជិតសរុប ៨,៩៣៩នាក់ ស្រី២,៦៨៤ នាក់៕