សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់អភិបាលខេត្ត លើការងារស្តារប្រឡាយមេសជ្រៃបានជោគជ័យ១០០ភាគរយ


ឯកឧត្តម ឃឹម ចិន្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងអំពីប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិបុសពោធិ៍ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ មានការសាទរចំពោះចំណាត់ការរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដែលបានធ្វើឲ្យគម្រោងស្ដារប្រឡាយមេសជ្រៃ ទទួលបានជោគជ័យ១០០ភាគរយ។

ឯកឧត្តម ឃឹម ចិន្ដា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាមក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រ នៅក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ គឺចាំបាច់ត្រូវតែស្ថាបនាស្ដារឡើងវិញ ស្របតាមបណ្ដាញផ្លូវជាតិថ្មី ប៉ុន្តែក្នុងគ្រាដែលមន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ចុះអនុវត្តគម្រោងគឺមានបញ្ហាខ្លះៗ ជាមួយបញ្ហាថវិកា។

ប៉ុន្តែយ៉ាងណាក៏ដោយគម្រោងនេះ ត្រូវបានដោះស្រាយ បន្ទាប់ពីទទួលបានជំនួយថវិកាពីក្រសួងធនធានទឹក និងឧតុនិយម ចំណាត់ការមួយចំនួន ជាដំណោះស្រាយជាមួយក្រុមអាជីវករមួយចំនួនតូច នៅតំបន់នោះ ទើបធ្វើឱ្យមន្ត្រីជំនាញយើង ចុះអនុវត្តគម្រោងស្ដារប្រឡាយប្រវែង ១,២០០ម៉ែត្រនោះ ទទួលបានជោគជ័យ១០០ភាគរយ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧបនិយម ខេត្តកំពង់ចាម បានឲ្យដឹងទៀតថា គម្រោងស្តារប្រឡាយមេសរជ្រៃ មានប្រវែងសរុប ១,២០០ ម៉ែត្រ បានចាប់ផ្តើមអនុវត្តន៍ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ និងបានស្ថាបនា រួចរាល់ជាស្ថាពរនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មានរបៀបវារៈដូចខាងក្រោម៖

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
*ទី២៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
*ទី៣៖ បញ្ហាផ្សេងៗ៕