ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ


នៅថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី​ភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរាជធានីភ្នំពេញចំនួន១៤ដងរួចមកហើយកាលពីឆ្នាំ២០១៧ និង២០១៨ ដោយមានកម្មករ កម្មការិនីចូលរួមជាង២១ម៉ឺននាក់។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៧, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣ និងដេរស្បែកជើងចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ល។

រាជរដ្ឋាភិបាល ដែលជាបេះដូងនៃប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគដ៏មានសក្តានុពល ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ​ និយោ​ជិតជាង ៦៦ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន៧២៧ មានកម្មករនិយោជិត​សរុបជាង ៣៣ម៉ឺន ៨ពាន់នាក់។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី១០ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១០លើក នេះ មានកម្មករ និយោជិតសរុប​​ប្រមាណ ១៨ម៉ឺន ៣ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន៩លើកទៀត ដែល​នឹង​ជួបកម្មករនិយោជិតសរុបប្រមាណ ១៥ម៉ឺន ៣ពាន់នាក់ទៀត។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ៕