កម្ពុជា-ឥណ្ឌូណេស៉ី ជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍សៀមរាបអង្គរជាមួយតំបន់ប្រាសាទបុរោពុទ្ធោ


ភាគីកម្ពុជា និងភាគីឥណ្ឌូណេស៉ី បានឯកភាពគ្នាជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍ រវាងសៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ខណៈគោលដៅទាំងពីរសុទ្ធជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ផ្នែកវប្បធម៌ពោរពេញ ទៅដោយអច្ឆរិយភាព។

ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រសួងទេសចរណ៍ឥណ្ឌូណេស៉ី ដឹកនាំដោយលោក សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង អ៊ូណុ (Sandiaga Salahudding Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចទំនើបឥណ្ឌូណេស៉ី នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង បានកោតសរសើរចំពោះអច្ឆរិយភាពនៃតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និងស្នើឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក និងរួមចំណែកទាក់ទាញភ្ញៀវទេសចរប្រទេសទី៣។

លោករដ្ឋមន្ត្រី សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង ក៏បានអញ្ជើញលោករដ្ឋមន្ត្រី ថោង ខុន ទៅទស្សនកិច្ចនៅតំបន់ប្រាសាទបុរោពុទ្ធោផងដែរ ដើម្បីរឹតចំណងមិត្តភាពលើវិស័យទេសចរណ៍ឱ្យកាន់តែជិតស្និទ្ធ។

លោករដ្ឋមន្ត្រី ថោង ខុន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូណេស៉ីដែលចង់តភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur)។

ឯកឧត្តម ថោង ខុន ក៏លើកឡើងពីអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៉ី នៅឆ្នាំ២០២២ និងបានស្នើឱ្យឆាប់រៀបចំផែនការទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែប្រសើរជាងមុន ផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែផុសផុលផងដែរ ពិសេសគឺបញ្ចូលការតភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ទៅក្នុងផែនការសកម្មភាពនោះតែម្ដង។

ភាគីទាំងពីរក៏បានឯកភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗរបស់ឥណ្ឌូណេស៉ីមកកាន់ខេត្តសៀមរាប ខណៈអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ក៏ជិតនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៣នេះផងដែរ៕