ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានអប់រំឧត្ដមសិក្សាចំនួន០៣ និងវិទ្យាល័យចំនួន០៣ នៅស្រុកកងមាស ខេត្តកំពង់ចាម


ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ មានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានអប់រំឧត្ដមសិក្សាចំនួន០៣ និងវិទ្យាល័យចំនួន០៣ នៅស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមសកលវិទ្យាធិការ ឯកឧត្ដមនាយក លោក លោកស្រីប្រធាន អនុប្រធានអង្គភាព ថ្នាក់កណ្ដាល ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យស្រុកកងមាស លោកនាយក លោកគ្រូ អ្នកគ្រូ និងមានការចូលរួមពីប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ជាច្រើន ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងរវាង ៖
– សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាល័យ ហ៊ុន សេន ខ្ចៅ
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាល័យ ហ៊ុន សែន កងតាណឹង
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាល័យ ហ៊ុន សែន ពាមជីកង
ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍពេញលេញដើម្បី «លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងការបង្រៀន និងរៀន នៅវិទ្យាល័យទាំងបីខាងលើ» សម្រាប់រៀបចំសកម្មភាពត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ក៏ដូចជាការត្រៀមប្រឡងចូលគ្រឹះស្ថានអប់រំឧត្ដមសិក្សាឲ្យបានជោគជ័យស្របតាមគោលនយោបាយកែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានសំណេះសំណាល ផ្ដល់អនុសាសន៍ និងណែនាំអំពីបទបញ្ញត្តិនានាក្នុងដំណើរការប្រឡង ដល់សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ ព្រមទាំងទទួលទានអាហារថ្ងៃត្រង់ជួបជុំជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់នៅវិទ្យាល័យកងតាណឹង ។