ឯកឧត្តម ហ៊ុន ម៉ានី៖ ទង្វើម្តងហើយម្តងទៀត ដែលនាំឲ្យខ្ញុំត្រូវបង្ខំចិត្តឲ្យមានជំហរដាច់ខាត ចំពោះការធ្វើនយោបាយអសីលធម៌


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការប្រមាថម្ដងហើយម្ដងទៀត មកលើក្រុមគ្រួសាររបស់លោក ពិសេសមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាតែម្ដង។

តាមរយៈ Facebook ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«ទង្វើម្តងហើយម្តងទៀត ដែលនាំឲ្យខ្ញុំត្រូវបង្ខំចិត្តឲ្យមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌។

ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។

តើនេះជាការធ្វើនយោបាយអ្វី? តើនេះ ជានយោបាយ ដែលយើងគ្រប់គ្នាអាចទទួលយកបានទេ? ជាធម្មតា ការធ្វើនយោបាយ ត្រូវមានព្រំដែន ពោលជាការប្រកួតប្រជែងដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែនបែងចែករវាងទិដ្ឋភាពសង្គម និងទិដ្ឋភាពផ្ទាល់ខ្លួន។

ចំពោះការធ្វើនយោបាយដ៏អសីលធម៌បែបនេះ តើខ្ញុំត្រូវមានជម្រើសអ្វីក្រៅពីការប្រកាន់ជំហរច្បាស់លាស់ និងដាច់ណាត់ចំពោះជនអគតិទាំងនេះ? ក្នុងរយៈពេលច្រើនឆ្នាំមកនេះ អស់លោកម្តងហើយម្តងទៀតបានបង្រៀនខ្ញុំថា ការគិតគូររឿងនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន គឺមិនគ្រប់គ្រាន់ទេជាពិសេសការធ្វើនយោបាយជាមួយពួកដូចអស់លោក។ ខ្ញុំមិនចោលការតម្កល់ផលប្រទេសជាតិនិងប្រជាជននោះទេ តែចំពោះអស់លោកគឺត្រូវមានវិធានការផ្សេងដែលស្របនឹងចរិកអស់លោក។

ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិករបស់ខ្ញុំ តែអស់លោកកំពុងតែបង្រៀនឲ្យខ្ញុំចេះធ្វើនយោបាយក្តៅហើយ»