សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗ៥ ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់


ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល បានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗចំនួន៥។

ការស្នើយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

ការស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗទាំង៥នោះ រួមមាន៖

១. ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាកា ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។

២. ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ សម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគីឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។

៣. ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា។

៤. សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួនប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ពិសេសការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និងការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។

៥. ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបានសម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀតឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងលើកកម្ពស់វិជ្ជាជីវៈច្បាប់ប្រកបដោយតម្លាភាព ទាំងបច្ចុប្បន្ន និងអនាគត។

ទោះជាយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏លើកទឹកចិត្តដល់អាជ្ញាធរ មន្ត្រីយុត្តិធម៌ ក៏ដូចជាតុលាការគ្រប់ជាន់ថ្នាក់ ប្រើប្រាស់យន្តការសម្របសម្រួលផ្សះផ្សារវាងគូវិវាទឱ្យអស់ពីលទ្ធភាព ដោះស្រាយតាមរបៀបឈ្នះ-ឈ្នះ ក្នុងករណីបទរដ្ឋប្បវេណី៕