ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសម្ភារសង្រ្គោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានទទួលវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម


នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសម្ភារសង្រ្គោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីនចំនួន ៤៥នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម (First Aid Training) កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Himawari ភ្នំពេញ។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន, ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Andrew Tay នាយកសណ្ឋាគារ Himawari និងជាប្រធានអង្គការ St John Phnom Penh ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលវគ្គបណ្តុះបណ្តាលនេះ បានទទួលបានការគាំទ្រ និងបង្រៀនដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការសេនចនភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ Singapore Club Cambodia ដែលបានផ្តល់នូវសម្ភារសង្រ្គោះបឋមចំនួន២០ ជូនដល់អាជ្ញាធរមីន សម្រាប់ការប្រើប្រាស់ក្នុងករណីចាំបាច់។ ឯកឧត្តមបានបន្តទៀតថា សម្ភារសង្រ្គោះបឋមនេះ គឺជាសម្ភារមួយដែលសំខាន់ និងចាំបាច់សម្រាប់មន្រ្តីបុគ្គលិកអាជ្ញាធរមីន យកទៅប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមសហគមន៍ និងចុះពិនិត្យការងារបោសសម្អាតមីននៅទីវាល។

ជាមួយគ្នានោះ ឯកឧត្តមបានលើកឡើងទៀតថា សម្រាប់វិភាគទានរបស់អង្គការ St John ចំនួន ៥.០៥០ដុល្លារ ដែលផ្តល់ជូនមកអាជ្ញាធរមីន នឹងត្រូវប្រើប្រាស់កិច្ចការសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពី សង្រ្គាម និងការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមតម្រូវការរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយសារមីនជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការចំបាច់មួយដើរទន្ទឹមគ្នាជាមួយនឹងការងារបោសសម្អាតមីន ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕