ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានបោះឆ្នោតឲ្យបន្តដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងអាណត្តិទី៦នេះ


នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក(ស.ខ.ហ) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៣-២០១៧ និងបន្តអណត្តិទី៦ ឆ្នាំ២០១៧-២០២១។
កិច្ចប្រជុំនេះ បានធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានសហព័ន្ធសម្រាប់អាណត្តិទី៦ ដែលក្នុងមួយអាណត្តិមានរយៈពេល៤ឆ្នាំ ជាមួយនឹងផែនការយុទ្ធសាស្ត្រថ្មី សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។ ជាលទ្ធផលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលការគាំទ្រច្រើនជាងគេ និងត្រូវបានបន្តដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងអាណត្តិទី៦នេះ។
សហព័ន្ធក៏បានលើកឡើង អំពីការត្រៀមខ្លួនរបស់កីឡាករ កីឡាការនីកម្ពុជាចំនួន ៧នាក់ ដែលនឹងចេញដំណើរនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីទៅចូលរួមប្រកួតកីឡាស៊ីហ្គេម(Sea Game) នៅប្រទេសម៉ាឡេស៊ី ។ ជាមួយនឹង ការប្តេជ្ញាចិត្តរបស់កីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំ ធ្វើអោយសហព័ន្ធមានជំនឿចិត្តយ៉ាងមុតមាំថា កីឡាករ កីឡាការនីកម្ពុជា នឹងទទួលបានជ័យលាភីជូនប្រទេសជាតិយើងក្នុងការប្រកួតនេះ។ ដើម្បីជាការលើកទឹកចិត្តដល់ ឯកឧត្តមទេសរដ្ឋមន្ត្រីក៍បានឧបត្តម្ភថវិកាមួយចំនួនដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក និងសូមជូនពរដល់ក្រុមការងារទទួលបានជោគជ័យ។
លើសពីនេះទៅទៀត សហព័ន្ធខ្មែរកីឡាហែលទឹក មានការរំពឹងទុកថាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ត្រូវរៀបចំផែនការមេ មានការខិតខំ និងសំរេចគោលបំណងរបស់ព្រឹទ្ធាចារ្យ ហែម ថុន ដើម្បីស្វែងរកមេដាយ ក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជូនប្រទេសជាតិ ។
នាឪកាសនោះឯកឧត្តមប្រធានសហព័ន្ធ បានជំរុញលើកទឹកចិត្តសមាជិក និងអគ្គលេខាធិការដ្ឋានសហព័ន្ធ ធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល ទំនុកបំរុង និងលើកទឹកចិត្តកីឡាករ កីឡាការិនីទាំងអស់ ដើម្បីអោយពួកគាត់មានសមត្ថភាព និងកាយសម្បទាមាំមួន និងសុខភាពល្អ សំដៅយកជ័យជំនះរាល់ការប្រកួត នៅលើឆាកអន្តរជាតិជូនប្រទេសជាតិ។
ជាចុងក្រោយ ឯកឧត្តមក៏បានជម្រាបទៅដល់សមាជិកនៃអង្គប្រជុំអំពី គម្រោងចុះអនុស្សារណៈនៃការយោគយល់ រវាងសហព័ន្ធ និងក្រុមហ៊ុន Herbalife ក្នុងការផ្តល់អាហារបំប៉នជូនដល់កីឡាករ កីឡាការិនីយើងផងដែរ។