សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ទេចចោលអង្គការចាត់តាំង របស់ក្រុមនយោបាយជ្រុលនិយម ដូចពួកខ្មែរក្រហម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកម្ទេចចោលអង្គការចាត់តាំង របស់ក្រុមនយោបាយជ្រុលនិយម ដូចការកម្ទេចចោលអង្គការចាត់តាំងខ្មែរក្រហម ដើម្បីបញ្ចៀសការនាំគ្រោះដល់ជាតិ។

សម្តេចតេជោ បានប្រកាសបែបនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ពេលបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមនុស្សទេ គឺសម្លាប់នយោបាយជ្រុលនិយមតែម្តង ព្រោះពួកគេធ្វើនយោបាយជ្រុលហួសហេតុពេក។ ជាមួយគ្នានេះ នរណាក៏ដោយ បើចងភ្ជាប់ជាមួយពួកជ្រុលនិយម នឹងមិនទទួលបានការលើកលែងទោស ពីសម្តេច ដែលជាប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាល នោះទេ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងបានជាពួកវាធ្វើទៅកាន់តែឯកោទៅៗ ហើយខ្ញុំសូមជម្រាបថា ក្រុមជ្រុលនិយមនេះ ខ្ញុំមិនអត់ឱនសូម្បីតែបន្តិច ខ្ញុំប្រាប់ឲ្យហើយ។ ធ្វើឲ្យហ្អែងរលំរលាយអង្គការចាត់ទាំងនយោបាយ និងយោធា ដូចខ្មែរក្រហមអញ្ចឹង»

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្មករ កម្មការិនី ត្រូវហ៊ានប្រឈមមុខជាមួយពួក «អាចង្រៃ» ដែលព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី ដោយរារាំងមិនឱ្យមានការវិនិយោគ និងមិនឱ្យទិញទំនិញពីកម្ពុជាជាដើម។

សម្តេចតេជោ បានអះអាងថា គ្រាន់តែលោកគ្រូ សាន សុជា មកជួបសម្តេច ក៏ពួកប្រឆាំងហាមដែរ ហើយទង្វើនេះ នឹងធ្វើឱ្យក្រុមប្រឆាំងកាន់តែឯកោ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រុមប្រឆាំង «ចេះតែព្រុស» តែរាជរដ្ឋាភិបាលចេះតែដើរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តែងតែប្រកាសមិនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី នោះឡើយ ហើយក៏ប្រកាសរំលាយក្រុមជ្រុលនិយមកម្ពុជា ផងដែរ។ ក្រោយការប្រកាសនេះ មានក្រុមប្រឆាំងជាច្រើននាក់ បានស្នើសូមរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕