អភិបាលខេត្តកែប ដង្ហែក្បួនមនុស្សជាង ១,០០០នាក់ ចូលរួមក្នុងការផ្សព្វផ្សាយពាក្យស្លោក «កែបឋានសួគ៌លម្ហែ»


ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកកំសាន្តលេងនៅខេត្តកែប ហើយសូមចូលរួមបន្តថែរក្សាពាក់ព័ន្ធអនាម័យ វេចខ្ចប់ទុកដាក់កាកសំណល់ ឲ្យបានល្អ ដើម្បីបន្តភាពស្អាតរបស់ខេត្ត ក្រោយតែពីការខិតខំរបស់អាជ្ញាធរក្នុងការកែលម្អ​ បង្កើនសោភ័ណ្ឌភាពនៅតាមទីតាំងរមណីយដ្ឋាននានានៅទូទាំងខេត្តកែប។

ការអំពាវនាវបែបនេះ ខណៈឯកឧត្តមអភិបាលខេត្តកែប សោម ពិសិដ្ឋ ចូលរួមដឹកនាំ ការដង្ហែក្បួននៅជុំវិញទីក្រុងកែប ដែលមានមនុស្សជាង ១,០០០នាក់ បានចូលរួមក្នុងការផ្សព្វផ្សាយពាក្យស្លោក «កែបឋានសួគ៌លម្ហែ» (KEP THE PARADISE) ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ទាក់ទាញសមាណចិត្តភ្ញៀវទេសចរជាតិ និងបរទេស​ ចូលមកសម្រាកលម្ហែកម្សាន្តមកខេត្តកែប កាន់តែច្រើនថែមទៀត។ ពិធីដង្ហែរក្បួនខាងលើនេះ បានប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងថា ឆ្នាំទស្សនាកម្ពុជា២០២៣ ជាយុទ្ធនាការថ្នាក់ជាតិដែលរៀបចំដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក្នុងគោលដៅដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាម របស់កម្ពុជា ក្នុងនោះដើម្បីជំរុញវិសាលភាពវិស័យទេសចរណ៍ខេត្តកែប កាន់តែទាក់ទាញទៀតនោះ​ រដ្ឋបាលខេត្តបានជំរុញ និងបំផុសចលនាមហាជនចូលរួម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយផង និងដើម្បីបញ្រ្ជាបការយល់ដឹង ពីយុទ្ធនាការនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំឲ្យមានឡើងនូវព្រឹត្តិការណ៍នេះ ចង់បំផុសមនុស្សគ្រប់រូបតាំងពីកុមារ ដល់មនុស្សពេញវ័យយល់ដឹងពីសារៈសំខាន់ នៃភាពជាម្ចាស់ផ្ទះ ក្នុងការទាក់ទាញបាននូវភ្ញៀវទេសចរ កាលណាពលរដ្ឋរស់នៅស្អាត មានអនាម័យនាំឲ្យមានភូមិស្អាត ស្រុកស្អាត ខេត្តស្អាត ជាហេតុធ្វើឲ្យភ្ញៀវទេសចរមកលេងច្រើន នាំប្រាក់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋាននោះវិញ។

គួរបញ្ជាក់ថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាល កំណត់យកជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាក កម្សាន្តបែបប្រណិតកម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ នៅក្នុងសេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥។ ក្នុងនោះខេត្តកែបក៏តែងទទួលបាននូវពានរង្វាន់នានា ដែលជាប់ជាខេត្តដែលមានខ្យល់ស្អាត ទឹកស្អាត ដីស្អាតផងដែរ៕