ឯកឧត្តម ម៉ម ប៊ុនហេង អំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសជាតិកាន់តែរីកចម្រើន ក្រោមដំបូលសុខសន្ដិភាព


ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ សញ្ញារូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសនិ្ដភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។

ការថ្លែងដូចនេះរបស់ឯកឧត្តម ម៉ម ប៊ុនហេង ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការកំណត់របស់ គ.ជ.ប ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនចំនួនពីរ នៅតាមវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ម ប៊ុនហេង បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងផ្ដល់ក្ដីស្រលាញ់ គាំទ្រដល់គណបក្សប្រជាជនកម្ពុជាកន្លងមក របស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនទាំងពីរខាងលើនេះ។

តាមការគូសបញ្ជាក់របស់លោក ងី ម៉េង ក្រុមការងារចុះជួយសង្កាត់ទឹកថ្លា បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលឯកឧត្តម ម៉ម ប៊ុនហេង ចុះសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយបក្ស រួមទាំងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋ គឺមានរយៈពេល១០ថ្ងៃជាប់គ្នា ហើយសកម្មភាពនេះនឹងបន្ដចុះជាប់ជាប្រចាំ ក្នុងឱកាសការឃោសនារកសំឡេងឆ្នោត រយៈពេល២១ថ្ងៃ ដែលគោរពតាមគោលការណ៍របស់ គ.ជ.ប។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕