ថ្ងៃទី១៧នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត, ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះផ្សព្វផ្សាយកម្មវិធីនយោបាយបក្សប្រជាជនកម្ពុជា នៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម


ក្នុងព្រឹកថ្ងៃទី១៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជា​ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធី​នយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំអំពីរបៀបគូស​សន្លឹក​ឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្ស នៅ​ស្នាក់ការគណបក្សឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រៃឈរ ស្រុក​ព្រៃ​ឈរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក ប្រជា បេក្ខជន​បម្រុងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, អនុប្រធានក្រុមការងារគណបក្ស​ចុះ​មូ​ល​ដ្ឋានស្រុកព្រៃឈរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ឃុំ​ត្រ​ពាំងព្រះ, លោក ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ស្រុកព្រៃឈរ, លោក អ៊ុក ទី ប្រធានក្រុមការងារគណបក្ស​ចុះជួយមូលដ្ឋាន​ឃុំ​ព្រៃឈរ, លោក ឡោ ចាន់លី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ​បក្សខេត្ត​កំពង់​ចាម, លោក មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ឃុំ​ព្រៃឈរជាច្រើនរូប។

ក្នុងឱកាសនោះ បេក្ខជនតំណាងរាស្រ្ត បានរំឮកនូវគុណបំណាច់របស់គណ​បក្ស​ប្រជាជនកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាជនចេញពីរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សា​ជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹក​ស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូច​ធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យ​នៃ​ការ​ប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគ​ជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍​ប្រកួតកីឡា​ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើប​បិទ​បញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

បេក្ខជនតំណាងរាស្រ្ត បន្តថា កម្ពុជាក៏សម្រេចបានផងដែរនូវកិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) និងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយ​បណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក ព្រម​ទាំង​កំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេ​ភាគី រវាងកម្ពុជា-តួរគី កម្ពុជា-សហព័ន្ធស្វ៊ីស និងកម្ពុជា-ប៉ាគីស្ថាន ផងដែរ ដែលជាកត្តាធ្វើឱ្យកម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោ​បាយ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។

ឯកឧត្តម ប៉ាន សូរស័ក្តិ បន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពី​ការ​យកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកា​គ​ណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោក បានសម្ដែងការគាំទ្រ​យ៉ាង​ពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ព្រមទាំងបាន​សម្តែង​ការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ «អរគុណ​សន្តិ​ភាព» ដែលមានតម្លៃមិនសាបសូន្យព្រោះថា បើគ្មានសន្តិភាពទេនោះ នឹងត្រូវ​បាត់បង់អ្វីៗទាំងអស់ ហេតុនេះទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារ​សន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយ​ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និង​មាន​រូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាព​រីកចម្រើនបន្តទៀត។

ក្នុងឱកាសនោះបេក្ខជនតំណាងរាស្រ្ត បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕