ប្រទេសបង់ក្លាដេស ព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន ២៥ម៉ឺនតោន


កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្រ្គីនត្រេដ ជាសេនាធិការ សហការជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញទៅប្រទេសបង់ក្លាដេស ដើម្បីធ្វើការពិភាក្សាលម្អិត ស្តីពីពាណិជ្ជកម្មអង្ករជាមួយគណៈប្រតិភូអន្តរក្រសួងនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស។
ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ ប្រទេសបង់ក្លាដេស បានយល់ព្រមទទួលទិញអង្ករស បាក់បែកចំនួន ១០% ក្នុងបរិមាណចំនួន ២៥០,០០០តោន ចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាទិញដូរ នៅក្រោមទិដ្ឋភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីពង្រីកការនាំចេញអង្ករទៅបរទេស ក៏ដូចជាអនុវត្តន៍នូវគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលអោយបាន ១លានតោន។
គួររំលឹកដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានចុះអនុស្សរណៈយោគយល់ ជាមួយរដ្ឋាភិបាលបង់ក្លាដេស លើការលក់អង្ករចំនួន ១លានតោន នៅក្នុងរយៈពេល ៥ឆ្នាំ (២០១៧-២០២២) ក្នុងគោលបំណងធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ពិសេសធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំ របស់រាជរដ្ឋាភិបាល។