ឯកឧត្តម ហ៊ុន ម៉ានី៖ «ការផ្ទេរអំណាចនាពេលនេះ គឺបន្តនិរន្តរភាព និងប្រក្រតីនៃស្ថាប័នកំពូលរបស់ជាតិ ដោយរលូនក្នុងសន្តិភាព»


ក្រោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការផ្ទេរអំណាចនៅពេលនេះ គឺជាការបន្ដនិរន្ដភាព និងប្រក្រតីភាព នៃស្ថាប័នកំពូលរបស់ជាតិ ដោយរលូនក្នុងសន្ដិភាព។

តាមរយៈ Facebook ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវការយល់ឃើញយ៉ាងដូច្នេះថា៖

«នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ចាត់តាំងជានាយករដ្ឋមន្រ្តី ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។

ការទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការផ្តល់នូវព្រះរាជហឬទ័យជឿជាក់ និងទុកព្រះទ័យមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក៏ដូចជាការប្រោះព្រុំពរជ័យបវរមហាប្រសើរដល់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីនេះផងដែរ។ ការផ្ទេរអំណាចដែលបានប្រព្រឹត្តទៅនាពេលនេះ ពិតណាស់ គឺជាការបន្តនិរន្តរភាព និងការប្រព្រឹត្តទៅជាប្រក្រតីនៃស្ថាប័នកំពូលរបស់ជាតិ ដោយរលូនក្នុងសុខសន្តិភាព។

គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ដែលត្រូវដឹកនាំរាជរដ្ឋាភិបាល បានឈ្វេងយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់នៃការបន្តវេន និងបានរៀបចំកិច្ចការនេះតាំងពីមុនស្រេចទៅហើយ។ អ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំមួយនេះ។

យើងខ្ញុំទាំងអស់គ្នាជាកម្មាភិបាល នៃគណបក្សប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណបក្ស ដែលបានផ្តល់ការយកចិត្តទុកដាក់ និងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ បណ្តុះមនសិការស្នេហាជាតិ ព្រមទាំងបង្ហាញផ្លូវសម្រាប់ការបន្តកិច្ចការបម្រើជាតិមាតុភូមិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់ ក្រោមម្លប់នៃសន្តិភាពដែលបានត្រួសត្រាយ ពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន»៕