ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការដាក់ និងអនុវត្តផែនការ បើគ្មានយន្តការតាមដាន ត្រួតពិនិត្យទេ នឹងមិនអាចជោគជ័យបានឡើយ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ផែនការទាំងឡាយណា នឹងមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានយន្តការតាមដាន ត្រួតពិនិត្យទេនោះ ព្រោះនៅក្នុងការអនុវត្ត ផែនការសកម្មភាព គឺមានបញ្ហាដែលត្រូវរកដំណោះស្រាយជាប់ជាប្រចាំ។

ការថ្លែងរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការនីជិត២ម៉ឺននាក់នៅតំបន់ព្រៃស្តឺ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ដែលជាវេទិកាសាធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបានគូសបញ្ជាក់ថា ការទទួលផែនការ ការកសាងផែន ការផ្សព្វផ្សាយ ការអនុវត្ត និងការតាមដានត្រួតពិនិត្យផែនការ គឺជាគន្លឹះសំខាន់ណាស់ ដើម្បីសម្រេចផែនការ និងទទួលជោគជ័យតាមការចង់បាន។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា «ខ្ញុំជឿថា ស្អីក៏ដោយត្រូវតែធានាប្រសិទ្ធិភាព តាមរយៈការមានយន្តការតាមដានត្រួតពិនិត្យជាប់ជាប្រចាំ បើអត់ទេ យើងនឹងមិនជោគជ័យប៉ុន្មានទេ។ ៦ខែបូកសរុប វាយតម្លៃហើយ ធ្វើរបាយការណ៍ហើយចប់ តែបើតាមដាន គឺដោះស្រាយជាប្រចាំ។»

ឯកឧត្តមបានលើកឡើងថា ការតាមដាន ការអនុវត្តផែនការជាប់ជាប្រចាំនេះ ឯកឧត្ដមបាន អនុវត្តតាំងពីឯកឧត្តមនៅធ្វើការងារជាកងទ័ព និងបានចុះតាមដានដោយខ្លួនឯង ដើម្បីដឹងពីស្ថានភាពជាក់ស្ដែង និងរកដោះស្រាយជាប់ជាប្រចាំ។ ហើយបើទោះបីជាឯកឧត្តម មិនអាចចុះតាមដោយផ្ទាល់ក៏ដោយ ក៏មានក្រុមការងារតាមដានជាប់ជានិច្ចផងដែរ។

ឯកឧត្តមបន្តថា «នៅក្នុងរាជរដ្ឋាភិបាលយើងក៏បង្កើត និងពង្រឹងយន្តការតាមដាន យើងមានយន្តការតាមដានក្នុងក្របខណ្ឌសម្របសម្រួល អនុវត្តគោលនយោបាយបញ្ចកោណ ដោយទីស្តីការគណៈរដ្ឋមន្ត្រី។ ហើយមានក្របខណ្ឌគោលនយោបាយ ដោយគណៈកម្មការគោលនយោបាយដែលមានយន្តការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធី សកម្មភាពជាសំខាន់ មិនមែនដាក់ចោល និយាយឱ្យតែពិរោះ ហើយគ្មានអីតាមដាននោះទេ។»