កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ដែលដកស្រង់ដោយគេហទំព័រ Jakarta Globe។
ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងហ្សាកាតា ឯកឧត្តម ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជា បានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន ២៥ម៉ឺនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះឥណ្ឌូនេស៊ី នឹងគាំទ្រកម្មវិធីសន្តិសុខស្បៀងរបស់កម្ពុជាវិញ តាមរយៈការផ្គត់ផ្គង់ជីកសិកម្ម។
ឯកឧត្តម ចូកូ វីដូដូ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពេញចិត្តចំពោះការឆ្លើយតបជាវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធនឹងការនាំចូលអង្ករ ២៥០ ០០០ តោនពីប្រទេសជិតខាងរបស់យើង»។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការព្រមព្រៀងផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ឥណ្ឌនេស៊ី គឺមានរយៈពេល៤ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២៤តទៅ។
ដោយឡែកកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្ករចំនួន ១២ ៥០០០ តោន ក្នុងនោះអង្ករសចំនួន ១០ម៉ឺនតោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន ប៊ូលុក និងក្រុមហ៊ុនហ្រ្គីនត្រេដ និងបរិមាណ ២ ៥០០០ តោនទៀត ដែលជាប្រភេទអង្ករប្រណិត អនុវត្តរវាងក្រុមហ៊ុន ID food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជានឹងអនុវត្តនៅឆ្នាំ២០២៣។
ឯកឧត្តមបានឱ្យដឹងថា ភាគីទាំងពីរនឹងរៀបចំឡើងវិញ នូវអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ចំពោះការធ្វើពាណិជ្ជកម្មអង្ករ ក្នុងបរិមាណរហូតដល់ ២៥០ ០០០តោនក្នុងរយៈពេល១ឆ្នាំ សម្រាប់រយៈពេល៤ឆ្នាំ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះតម្លៃនឹងចរចាអាស្រ័យទៅស្ថានភាពប្រែប្រួលនៃទីផ្សារជាក់ស្តែង។
ឯកឧត្តមគូសបញ្ជាក់បន្ថែម «កិច្ចការសម្រាប់ការនាំចេញអង្ករនេះ យើងប្តេជ្ញាចិត្តថាធ្វើឱ្យបាន ដោយទី១ យើងជាប្រទេសផលិតស្បៀង យើងមានផលិតផលលើស ទី២ រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ យកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ដោយក្រសួងកសិកម្មបានបញ្ជូនអ្នកបច្ចេកទេសកសិកម្ម ទៅតាមជនបទទាំងអស់ ដើម្បីលើកកម្ពស់ផលិតកម្ម និងរក្សាគុណភាពរបស់ផលិតផល។ យើងរំពឹងទុកថា យើងនឹងអាចមានស្បៀងគ្រប់គ្រាន់ សម្រាប់ការនាំចេញ ដូចជាទីផ្សារឥណ្ឌូនេស៊ី ហ្វីលីពិន ឬទីផ្សារអឺរ៉ុបជាដើម ហើយយើងនឹងពង្រីកទីផ្សារផ្សេងៗទៀត ដែលយើងមានទំនាក់ទំនង ដែលក្រសួងពាណិជ្ជកម្មប្រឹងប្រែងពង្រីកតាមរយៈកិច្ចព្រមព្រៀងនានា»។
សូមជម្រាបថា ការព្រមព្រៀងនាំចូលអង្ករពីកម្ពុជាក្នុងបរិមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌាបញ្ឈប់ការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ដំបូងឡើយឥណ្ឌូណេស៊ីមានគម្រោងនាំចូលអង្ករចំនួន ១លានតោនពីឥណ្ឌា ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។ នេះបើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី ឯកឧត្តម Zulkifli Hasan។
ឯកឧត្តមបានឱ្យដឹងទៀតថា ក្រុមហ៊ុន Bulog ត្រូវបានចាត់ឲ្យទទួលបន្ទុកទិញអង្ករចំនួន ២ លានតោនពីប្រទេសថៃ និងវៀតណាម។
ទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌនេស៊ីបង្ហាញថា ទីតាំងស្តុកអង្ករជាតិនៅក្នុងឃ្លាំង Bulog បានកើនឡើងដល់ជិត ១.៦លានតោន គិតត្រឹមថ្ងៃច័ន្ទទី៤ ខែកញ្ញា បន្ថែមពីលើការផ្គត់ផ្គង់អង្ករចំនួន ៤០០,០០០តោនពីប្រទេសជិតខាង ដែលនឹងត្រូវដឹកជញ្ជូនមកដល់នៅចុងឆ្នាំនេះ ដោយផ្អែកលើកិច្ចព្រមព្រៀងពីមុន។
រដ្ឋាភិបាលឥណ្ឌនេស៊ី កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីបង្កើនទុនបម្រុងស្បៀង ក្នុងករណីមានគ្រោះរាំងស្ងួត និងការរំខានដល់ការប្រមូលផល ដែលបណ្តាលមកពីបាតុភូត El Nino៕