រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប៉េរូ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ


រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប៉េរូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋប៉េរូ។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ពេល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកស្រី Ana Cecilia Gervasi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប៉េរូ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៉ី។

កិច្ចពិភាក្សា បានផ្តោតទៅលើការរិះរកមធ្យោបាយនានាសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងកិច្ចសហការក្របខ័ណ្ឌតំបន់៕