លោកជំទាវ ពេជ្រ ចន្ទមុន្នី លួចថតស្វាមីពេលកំពុងពិនិត្យការងារ តាមយន្តហោះក្នុងដំណើរឆ្ពោះទៅឥណ្ឌូនេស៊ី


នៅព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតមួយស្លឹកកំពុងអង្គុយឯកសារលើយន្តហោះក្នុងដំណើរ​ទៅ​កាន់ប្រទេសឥណ្ឌូនេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូល​ពាក់​ព័ន្ធ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រូបថតនេះ ថតដោយឧត្តមភរិយា គឺលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលអមដំណើរសម្តេចទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែរនោះ។

ជាមួយការបង្ហោះរូបភាពនេះ សម្តេចធិបតី ក៏បានគូសរំលេចដែរថា ពេលធ្វើដំណើរ គឺជា​ពេល​វេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ព្រោះពេលយន្តហោះចុះដល់ដី ​ត្រូវ​វិល​កង់ពីកម្មវិធីមួយទៅកម្មវិធីមួយ។

តាមរយៈរូបភាពដែលបង្ហាញក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើភាពមមាញឹករបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាស្មារតីយកចិត្តទុកដាក់ចំពោះកិច្ចការបម្រើជាតិ និងប្រជាជន​ក្នុងឋានៈ​ជា​អ្នក​ទ​ទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជន ទោះបីនៅលើយន្តហោះក៏មិនទុកពេលវេលាឱ្យរំលងទៅដោយឥតប្រយោជន៍នោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា ឱ្យដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេលប្រមាណជា ៣សប្តាហ៍ក្រោយរាជរដ្ឋាភិបាលបង្កើតជាផ្លូវ​ការ​ហើយនោះ កំពុងមានភាពមមាញឹកនឹងកិច្ចការជាច្រើនទាំងក្នុង និងក្រៅប្រទេស។ ជាពិសេសសម្រេចឱ្យបាននូវនយោបាយ និងបំណងរបស់រាជរដ្ឋាភិបាល គឹដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋស្របតាមនយោបាយអាទិភាពដែលបានដាក់ចេញ៕