សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទៅអាមេរិកនៅចុងខែកញ្ញា នឹងជួបមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ចអាមេរិក ដើម្បីបញ្ជាក់ជំហរនយោបាយលើបញ្ហាអន្តរជាតិ ក៏ដូចជាការបើកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម​


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក ដើម្បីបញ្ជាក់ជំហរនយោបាយលើបញ្ហាអន្តរជាតិ ក៏ដូចជាការបើកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលខ្ញុំទៅប្រជុំ UN (អង្គការសហប្រជាជាតិ) នៅថ្ងៃទី២០ជាង ខាងមុខនេះ ត្រូវជួបជាមួយថ្នាក់ដឹកនាំ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក​ ជួបជាមួយនឹងអ្នកធុរកិច្ចអាមេរិក និងមន្ត្រីមួយចំនួនទៀត ដែលយើងមិនទាន់បានជួបនៅពេលនេះ ដើម្បីបញ្ជាក់ជំហរ និងការទំនាក់ទំនងរបស់យើង បញ្ជាក់ឲ្យច្បាស់ថា ប្រទេសយើងមិនធំទេ តែយើងក៏ជាប្រទេសមិនតូចដែរ ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា សំឡេងរបស់កម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាច និងមានស្មើភាព ជាមួយបណ្តាប្រទេសផ្សេងៗ។ អញ្ចឹងគ្រប់គោលនយោបាយរបស់ ត្រូវតែបញ្ចេញឲ្យអន្តរជាតិដឹង»

លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានផ្ញើលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។

លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្លែងថា កម្ពុជាគឺជាដៃគូដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ហើយលោកទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់លោក ជាមួយរដ្ឋាភិបាលរបស់កម្ពុជា ដើម្បីបន្តការរីកចម្រើនរបស់ប្រទេសអ្នកឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជា។ អង្គការសហប្រជាជាតិ នៅតែប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលរបស់កម្ពុជា រួមទាំងតាមរយៈក្រុមការងារអង្គការសហប្រជាជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា៕