កម្មការិនីរោងចក្រម្នាក់រំភើបឡើងស្រក់ទឹកភ្នែក ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយសង្គ្រោះជីវិតកូនស្រី ដែលមានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំ


ស្ត្រីកម្មកររោងចក្រសាប្រីណា (sabrina) ម្នាក់ រំភើបរហូតស្រក់​ទឹកភ្នែក​ក្រោយពេល​សម្ដេច​មហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលយកកូនស្រី​របស់ខ្លួន​ដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។

ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រសាប្រ៊ីណា បាន​និយាយ​ថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួប​ជា​មួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឱ្យកូនស្រីរបស់ខ្លួន ដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាល ខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហក ដើម្បីព្យាបាល​កូនអស់ពីលទ្ធភាពហើយនោះ។

កម្មការិនី ហៀង ចាន់ បានបញ្ជាក់ដូច្នេះ៖ «ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេច ដើម្បី​ទទួលបានការព្យាបាល ឥឡូវនេះបានជួបហើយ។ ឱ្យតែកូនស្រីខ្ញុំជា ខ្ញុំអរណាស់រំភើបណាស់។ អរគុណសម្តេច»

សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ​ជិត​២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រសាប្រ៊ីណា បានបីកូនអាយុ៣ឆ្នាំ ដែលមាន​ជំងឺរ៉ាំរ៉ៃអង្គុយរង់ចាំជួបសម្តេចធិបតី។ គ្រាន់តែមកដល់ទីតាំងកម្មវិធីភ្លាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានមកជួប​កម្មកា​រិនី ហៀង ចាន់ និងកូនដែលកំពុងអង្គុយរង់ចាំភ្លែត ហើយបានសួរ​នាំ​ពីជំងឺ។

បន្ទាប់ពីសួរនាំហើយនោះ សម្តេចធិបតី បានបញ្ជាឱ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាលនាំកុមារ និងម្តាយទៅមន្ទីរពេទ្យ​ភ្លាមៗ និងព្យាបាយ​ដោយឥតគិតថ្លៃ​រហូត​ជាសះស្បើយ។ បន្ទាប់ពីទទួលបានការណែនាំលោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែង​នាំយក​កុមារីមានជំងឺរ៉ាំរ៉ៃនេះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

កុមារីដែលជាកូនរបស់កម្មការិនី ហៀង ចាន់ មានឈ្មោះ អាត ស្រីនុ អាយុ ៣ឆ្នាំ មានជំងឺ​ហើម​​ពោះ​វៀនធំរ៉ាំរ៉ៃ ហើយបច្ចុប្បន្នបន្ទោបង់តាមពោះ។

យោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានឱ្យដឹងថា កុមារីរូបនេះ មានជំងឺខ្សោយពោះវៀនធំ​បណ្តាលមកពីគ្មាន​សរសៃរប្រសាទ​ពីកំណើត។ កុមារីធ្លាប់បានសម្រាកពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន៤ដង ចាប់ពីខែមករា ឆ្នាំ២០២១ ហេីយបានទទួលកាវះកាត់ចំនួន៣ដងផងដែរ។

កុមារី ត្រូវបានចោះពោះវៀនធំចំហមកក្រៅពោះ (Colostomy) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ចុងក្រោយត្រូវបានវះកាត់នៅមន្ទីរពេទ្យជ័យវរ្មន័ទី៧ ចំនួន១ដងនៅខែមករា ឆ្នាំ២០២២ ជាមួយរោគវិនិច្ឆ័យស្ទះពោះវៀន។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា កុមារីត្រូវលាងសម្អាតពោះវៀនពីរដង ក្នុងមួយថ្ងៃ រយៈពេលពីរថ្ងៃ។ បន្ទាប់មកត្រូវថតឆ្លុះពោះវៀនថ្ងៃចន្ទ សប្តាហ៍ក្រោយ និងការពិនិត្យ​ឈាម​ផ្សេងទៀត ដេីម្បីវាយតម្លៃមុនការវះកាត់នៅដំណាក់កាលបន្ត។ ដោយឡែកសម្រាប់ការវះកាត់ភ្ជាប់ពោះវៀនឡើងវិញ និងបិទប្រហោងពោះវិញ ត្រូវពិចារណារការពិចារណាឡើងវិញក្រោយការថតឆ្លុះ។

បើតាមលោកវេជ្ជបណ្ឌិត គី សន់ទី ជំងឺនេះជាប្រភេទជំងឺពោះវៀនរីកធំពីកំណើត ទាមទារការវះកាត់ច្រើនដង និងមានផលវិបាកច្រើន។

បើទោះបីជាយ៉ាងណា លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងប្រឹងប្រែងអស់ពី​ស​មត្ថភាព និងលទ្ធភាព ឱ្យកុមារីបានជាសះស្បើយពីជំងឺ ហើយអាចបន្ទោបង់ធម្មតាឡើងវិញ៕