រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចុះពិនិត្យមើលទីតាំង និងតម្រាយផ្លូវ ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ បែបប្រវត្តិសាស្ត្រ អតីតបន្ទាយឆាកស្តេចកន


ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យទីតាំង និងតម្រាយផ្លូវដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ បែបប្រវត្តិសាស្ត្រ អតីតបន្ទាយឆាក ស្តេចកន ដែលឋិតនៅទួលព្រះធាតុធំ ក្នុងភូមិយៀកត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ទួលព្រះធាតុ ឬហៅថា អតីតបន្ទាយឆាកស្តេចកននេះ ស្ថិតនៅភូមិយាកជើង និងយាកត្បូង មានប្រវែង ៣គីឡូម៉ែត្រ និងមានប្រាសាទ ៣ គឺប្រាសាទតូច ២ នៅសងខាង និងប្រាសាទធំមួយនៅចំកណ្តាល។

ទួលព្រះធាតុមានផ្លូវបុរាណ តភ្ជាប់ពីភូមិយាកត្បូងរហូតដល់បន្ទាយព្រៃនគរ ដែលចាស់ៗ ហៅតគ្នាថាផ្លូវហ្លួងព្រះស្តេចកន ស្ថិតនៅភូមិព្រៃនគរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយផ្លូវនេះក៏ភ្ជាប់ដល់ភូមិស្វាយទិព្វ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចុះពិនិត្យតម្រាយផ្លូវលើ ទួលព្រះធាតុធំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញទិសដៅអាទិភាពទាក់ទងនឹងវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើឲ្យបានយ៉ាងហោចណាស់៦០% បង្កើនហិរញ្ញប្បទានចីរភាព និងបៃតង ដើម្បីធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង។

លើសពីនេះ ការស្វែងយល់ និងសិក្សាបន្ថែមពីសក្តានុពលភាព និងរៀបចំដាក់តំបន់ប្រវត្តិសាស្រ្តនេះ ឲ្យទៅជាតំបន់ទេសចរណ៍ជាប្រវត្តិសាស្រ្ត សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ពីប្រទេសកម្ពុជា ហើយការប្រែក្លាយតំបន់ប្រវត្តិសាស្រ្តកម្ពុជានាសម័យព្រះស្តេចកន ឆ្នាំ១៤២០ ដល់ឆ្នាំ១៥០០ គឺជាការអនុវត្តនូវគោលនយោបាយ ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្នុងដំណាក់កាលទី១នេះ៕