កម្ពុជា-ជប៉ុន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែប្រសើរ


ភាគីកម្ពុជា និងភាគីជប៉ុនបានប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេសលើការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកឯកអគ្គរាជទូត ស្តីពីគោលនយោបាយអនុវត្តបន្តរបស់ក្រសួង សំដៅធ្វើយ៉ាងណាលើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ពន្ធតភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការអប់រំប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន ៨០% នៃផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង ព្រមទាំងការអប់រំអំពីការប្រើប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងពីកិច្ចខិតខំប្រឹងប្រែងជំរុញការលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម។

ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងខិតខំពង្រឹងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុនបានសម្តែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូនាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ភាគីទាំងពីរក៏បានប្ដេជ្ញាបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទលើការងារអភិវឌ្ឍន៍ជនបទ៕