វិមានរដ្ឋធម្មនុញ្ញ សង់បាន ៣៥ភាគរយហើយ


វិមានរដ្ឋធម្មនុញ្ញ ដែលស្ថិតនៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យ សម្រេចការ​សាង​សង់បាន ៣៥ភាគរយហើយ។ នេះបើតាមលោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសាងសង់ បានប្រាប់ក្រុម​អ្នកសារព័ត៌មាន។

លោកបានឱ្យដឹងបែបនេះ ក្រោយពេលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់វិមានរដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម អ៉ឹម ឈុនលឹម បានឱ្យដឹងពីបុព្វហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញយ៉ាងដូច្នេះថា ប្រទេសកម្ពុជា បានទទួលយកទស្សនទានធម្មនុញ្ញនិយមទំនើប ជាលើកដំបូងតាមរយៈរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើជាលើកទី១ នៅឆ្នាំ១៩៤៧។ រយៈពេលជិត ៨ទសវត្សរ៍ ក្រោយការចាប់បដិសន្ធិនៃរដ្ឋធម្មនុញ្ញទី១ កម្ពុជា បានផ្លាស់​ប្ដូរ​រដ្ឋ​ធម្មនុញ្ញជាបន្តបន្ទាប់ រហូតមកដល់រដ្ឋធម្មនុញ្ញទី៦ បច្ចុប្បន្ននេះ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ​ក្នុងឆ្នាំ១៩៩៣ និងជារដ្ឋធម្មនុញ្ញដែលកំពុងស្ថិតនៅជាធរមាន រហូតដល់បច្ចុប្បន្ន។

បើតាមឯកឧត្តម អ៉ឹម ឈុនលឹម ដោយយល់ឃើញថា ក្នុងប្រវត្តិសាស្ត្រ​នៃការចាប់​កំណើត​ធម្ម​នុញ្ញ​និយម កម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បីជានិមិត្តរូប និងជាទីសម្រាប់​ប្រារព្ធ​​​ពិធីអបអរខួបរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសនៅឡើយ និងដោយយល់​ឃើញថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព ធានាបាននូវអាយុកាលយូរអង្វែងទៅមុខនៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន អាស្រ័យដោយមាន​នយោបាយឈ្នះ-ឈ្នះ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនា​បតីតេជោ​នា​យក​រដ្ឋមន្ត្រី ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា នេះជាសម័យកាលដ៏សមគួរ ក្នុងការស្ថាបនា​វិមានរដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាល​នៅក្នុងសម័យ​តេជោ​សន្តិ​ភាព សម្រាប់កូនចៅជំនាន់ក្រោយបានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋ​ធម្ម​នុញ្ញ ជាសមិទ្ធផល និងជាចំណងដៃជាប្រវត្តិសាស្ត្រ ដែលកើតចេញ ពីកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ ដែលមានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរម​រតនកោដ្ឋ) និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរ​ជាតិ។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបង្ហាញទស្សនាទានស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញដែរថា ផ្អែក​លើ​ខ្លឹមសារ និងគោលទស្សនៈសំខាន់ៗ ដែលមានក្នុងរដ្ឋធម្មនុញ្ញ ស្ថាបត្យករបាន ធ្វើ​សំ​យោ​គ​បញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹម​សារនៃរដ្ឋ​ធម្មនុញ្ញ។ ក្នុងគោលគំនិតនេះ ស្ថាបត្យករបានរចនានូវវិមានមួយក្នុងទិដ្ឋភាព បដិរូបកម្ម ដោយ​​ការនាំយកទស្សនៈធម្មនុញ្ញនិយម មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យ កម្មដ៏កម្រ​មួយ ក្នុងសណ្ឋានជារូបភាពសំយោគរវាង ១៖ ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូប​នៃ​គុណតម្លៃទំនើប និង២៖ ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណ​តម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ វិមាននេះ នឹងបានក្លាយជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏ វិសេស​វិសាល​មួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង នៃសម្ដេចអគ្គមហាសេនាបតីតេជោ។

បន្ថែមលើនេះ បើតាមលោក លី រស្មី តាមការគ្រោងទុក វិមានរដ្ឋធម្មនុញ្ញ នឹងត្រូវបានសាង​សង់​រួចរាល់នៅខែសីហា ឆ្នាំ២០២៣ ខណៈវាត្រូវបានប្រារព្ធពិធីក្រុងពាលី​បញ្ចុះបឋម​សិលា​សាង​សង់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣៕