ឯកអគ្គរាជទូតអង់គ្លេស កោតសសើរការអភិវឌ្ឍរបស់ប្រជាជន រដ្ឋបាលខេត្តកំពង់ស្ពឺ និងស្វែងយល់អំពីសក្តានុពលគ្រប់វិស័យ


នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ដូមិនិច វីលាម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានអញ្ជើញជួប ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងបំណងបំពេញទស្សនៈកិច្ចស្វែងយល់ពីវិស័យសក្តានុពលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន កម្ពុជា-អង់គ្លេស។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស បានលើកឡើងថា សូមកោតសសើរចំពោះសមិទ្ធផលដ៏ច្រើនឥតគណនា ជាពិសេសការីកចម្រើនលើគ្រប់វិស័យ ក្នុងនោះមានវិស័យកាត់ដេរ រួមមានសម្លៀកបំពាក់ កាបូប សម្រាប់នាំចេញទៅក្រៅប្រទេស ដែលភាគច្រើនមានគឺការផលិតចេញពីទឹកដីនៃខេត្តកំពង់ស្ពឺនេះ ។

លោករាជទូតអង់គ្លេស បានបន្តថា អ្វីដែលគាត់មិននឹកស្មានដល់នោះចាប់តាំងពីគាត់ចូលមកធ្វើជាអគ្គរាជទូតប្រចាំនៅកម្ពុជា តាំងពីឆ្នាំ២០១០កន្លងមក ឃើញថាកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ មានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ខ្វាត់ខ្វែងជាច្រើន និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាអាណត្តិទី៧ រឹតតែមានភាពល្អប្រសេីរ ហើយកម្ពុជាពិតជាមានអភិវឌ្ឍន៍តាំងពីមុនគាត់មកជារាជទូតនេះទៅទៀត ជាក់ស្តែងសូម្បីតែខេត្តកំពង់ស្ពឺ មានអគាររដ្ឋបាលថ្មី ដ៏ស្រស់ស្អាត និងមានរោងចក្រសហគ្រាសដ៏ច្រើន។ ជាងនេះលោកមានចំណាប់អារម្មណ៍លើគម្រោងជួយជនពិការដោយសារសង្គ្រាមនៅខេត្តកំពង់ស្ពឺ និងសហគមន៍ស្ករត្នោតកម្ពុជា ដែលបានផលិតស្ករនាំចេញក្រៅប្រទេសផងដែរ ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា វិស័យសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដែលកំពុងមានសង្វាក់ផលិតកម្ម រួមមាន វិស័យកាត់ដេរ សម្លៀកបំពាក់ កាបូប ស្បែកជើង ការនាំចេញផ្លែស្វាយ និងដំណាប់ស្វាយ វិស័យរ៉ែ មានខ្សាច់ ថ្ម ថ្មម៉ាប ដែលធ្វើឲ្យប្រជាជនមានការងារធ្វើ និងទទួលបានប្រាក់ចំណូលប្រចាំខែ ធានាចំពោះជីវភាពប្រចាំថ្ងៃបានយ៉ាងប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះបញ្ហាប្រឈមបច្ចុប្បន្ននៅទូទាំងខេត្តពិតជាមានការប្រឈមមួយចំណែកធំ ក្នុងនោះវិស័យកសិកម្ម-ធនធានទឹក គឺជាក់ស្តែងខ្វះខាតប្រព័ន្ធធារាសាស្ត្រ ទំនប់-ប្រឡាយទឹក ដែលកត្តានេះបានធ្វើឲ្យបងប្អូនជាប្រជាកសិករ មួយផ្នែកធំពឹងផ្នែកទៅលើធម្មជាតិ ដែលមិនមានអំណោយផលដល់ការដាំដុះចំពោះកសិករឡើយ ។

ឯកឧត្តមសង្កត់ធ្ងន់ថា បើទោះបីមានបញ្ហាប្រឈមខ្លះៗក្តី រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមជាច្រើនជូនពលរដ្ឋ ក្នុងនោះពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូលខ្ពស់ មានមុខរបរត្រឹមត្រូវ ធានាបានចំពោះការចំណាកស្រុក ហើយជីវភាពរស់នៅមានសេចក្តីសុខ សន្តិភាព និងសុខដុមរម្យនាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ ហើយខុសគ្នាស្រឡះពីរបបសាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប៉ុល ពត បានកាប់សម្លាប់ វាយបង្អត់អាហារ ធ្វើទារុណកម្ម មកលើប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃ ស្លាប់អស់ជាង៣លាននាក់ ឥតត្រាប្រណី៕