អគារសម្រាកព្យាបាលជំងឺ នៃមន្ទីរពេទ្យបង្អែកសំបូរ ខេត្តក្រចេះ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ


ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកស្រី ហឹង ណារី វ៉ាថន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឲ្យប្រេីប្រាស់ ជាផ្លូវការ នូវអាគារសម្រាកព្យាបាលជំងឺ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ ដែលជាអំណោយរបស់ឯកឧត្តម វ៉ា ថន និងលោកជំទាវ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានលើកឡើងថា សមិទ្ធផល និងស្នាដៃ ដែលរដ្ឋបាលស្រុកសំបូរសម្រេចបាននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា ទទួលបានកំណើនគួរឲ្យកត់សម្គាល់ ជាពិសេសបានរួមចំណែកអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល និងបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងប្រែក្លាយពីប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមទៀតបន្តថា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្ដេចបានដាក់ចេញនូវកំណែទម្រង់រួមមាន កម្មវិធីនយោបាយយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ដែលអាទិភាពគន្លឹះមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន ព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជាច្រើន និងបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។

កម្មវិធីនយោបាយអាទិភាពទាំង៦នោះរួមមាន៖

*ទី១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល
*ទី២៖ ការបណ្ដុះបណ្ដាលជំនាញជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស
*ទី៣៖ ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងប្រព័ន្ធក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន
*ទី៤៖ ការដាក់ចេញយុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ចូលរួមក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ)
*ទី៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
*ទី៦៖ ការដាក់ពង្រាយមន្រ្តី បច្ចេកទេសកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភា ពកសិកម្មនៅទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត បានណែនាំផ្ដាំផ្ញើដល់អាជ្ញាធរស្រុកសំបូរ ក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកសំបូរ ត្រូវរួមគ្នា ចូលរួមថែរក្សា និងការពារសមិទ្ធផលអគារសម្រាកព្យាបាលជំងឺ នៃមន្ទីរពេទ្យបង្អែកសំបូរនេះ ឲ្យបានស្ថិតស្ថេរ និងគង់វង្សសម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យបង្អែកសំបូរចំនួន១,០០០,០០០រៀល, ឧបត្ថមមណ្ឌលសុខភាពឃុំសំបូរ ចំនួន៥០ម៉ឺនរៀល, ឧបត្ថម្ភក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យបង្អែកសំបូរ ចំនួន៣០នាក់ ម្នាក់សារុង១ និងថវិកា៣ម៉ឺនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរមក្នុងកម្មវិធីចំនួន៦០០នាក់ ម្នាក់សារុង១, ឧបត្ថម្ភអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកសំបូរ ចំនួន៤០នាក់ ម្នាក់ចំនួន៣ម៉ឺនរៀល និងប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៥អង្គ ក្នុង១អង្គចំនួន៥ម៉ឺនរៀល៕