ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា ប្រារព្ធពិធីបង្ហូតទង់ជាតិ មុនពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ Asian Games ស្អែក


នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមប្រធានប្រតិភូកីឡាកម្ពុជា បានដឹកនាំគណៈប្រតិភូកីឡាកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ចូលរួមពិធីបង្ហូតទង់ជាតិ នៅភូមិកីឡា ដើម្បីបញ្ជាក់ពីវត្តមាន ក៏ដូចជាការត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងពីទីក្រុង Hangzhou នៅព្រឹកថ្ងៃសុក្រនេះថា ដើម្បីបញ្ជាក់ពីការទៅដល់ភូមិកីឡា ក៏ដូចជាទីតាំងប្រកួត ព្រឹកនេះ ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា បានរៀបចំពិធីបង្ហូតទង់ជាតិរបស់ខ្លួន ជាមួយបណ្ដាប្រទេសផ្សេងៗនៅភូមិកីឡា ដោយអនុវត្តពិធីបង្ហូតទង់ជាតិ ចំនួន ៦ប្រទេសម្ដង ខណៈកម្ពុជា ត្រូវបានប្រារព្ធពិធីបង្ហូតទង់ជាតិ ជាមួយ ៥ប្រទេសផ្សេងទៀត រួមមានប្រ៊ុយណេ ថៃ កូរ៉េខាងជើង ឆាយនីសតៃប៉ិ និងប្រតិភូកីឡាប៉ាឡេស្ទីន ។

មុនពិធីបង្ហូតទង់ជាតិ ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន និងអនុប្រធានប្រតិភូលោក វ៉ាត់ ចំរើន ក៏បានបង្ហាញពីសមិទ្ធផល នៃការចូលរួមប្រកួតកន្លងមករបស់អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក៏ដូចជាការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីថ្មីៗ ផងដែរ ។

អនុប្រធានប្រតិភូកីឡាកម្ពុជាដដែលលបន្ដថា «ចំណុចដែលសំខាន់ គឺយើងបានរៀនសូត្រពីបទពិសោធន៍នៃការរៀបចំពិធីស្វាគមន៍ និងគោរពទង់ជាតិបណ្ដាប្រទេសមកដល់ភូមិកីឡា ក៏ដូចជាទីតាំងប្រកួតច្បាស់លាស់ គឺយើងរៀនសូត្របានច្រើន ជាពិសេសរៀនសូត្រពីការទទួលបដិសណ្ឋារកិច្ច ពិធីបង្ហូតទង់ជាតិ និងការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាដើម ។ យើងនឹងរៀនសូត្រពីកម្រិតរៀបចំកីឡាអាស៊ីនេះ ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលមានកម្រិតអាស៊ីដូចគ្នា» ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ដែលលើកពេលពីឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ ដែលនឹងត្រូវប្រារព្ធពិធីបើកការប្រកួតផ្លូវការស្អែកនេះ កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាទៅចូលរួម រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ៕