សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកកិច្ចប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអាស៊ាន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាង សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាព​ការងារមនុស្សធម៌។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរនេះ មានសក្តានុពលក្នុងការជំរុញការបង្កើតថ្មី កំណើន និងការផ្លាស់ប្តូរ។

លើសពីនោះកិច្ចសហប្រតិបត្តិការនេះ​នឹងអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព ចំពោះគ្រោះមហន្តរាយធម្មជាតិ វិបត្តិសុខភាពសាធារណៈ និងភាពអាសន្ន​ផ្នែកមនុស្សធម៌ផ្សេងទៀត ដោយធានាថាប្រជាជនក្នុងតំបន់ទទួលបានជំនួយទាន់ពេលវេលា។

គួររម្លឹកថា សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងលេខាធិការដ្ឋានអាស៊ាន បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហ​ប្រតិបត្តិការជាមួយគ្នា កាលពីខែឧសភា ឆ្នាំ២០២២ លើវិស័យការគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ច្បាប់ស្តីពីគ្រោះ​មហន្តរាយ សុខភាពក្នុងគ្រាអាសន្ន ការសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ បញ្ហាយេនឌ័រ យុវជន និងការប្រែប្រួលអាកាសធាតុ ជាដើម។ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈរួចមក មានការវាយតម្លៃថា សកម្មភាពមួយចំនួនត្រូវបានអនុវត្ត ប៉ុន្តែទាមទារការលើកកម្ពស់និងជំរុញបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែច្រើនលើការងារមនុស្សធម៌ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងទៀតថា ដោយមានតម្រូវការជាចាំបាច់លើកិច្ចសហប្រតិបត្តិកានេះ IFRC និងលេខាធិការអាស៊ាន ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ពិសេស ដើម្បីបង្កើតការឯកភាពគ្នាលើវិធីសាស្រ្តយុទ្ធសាស្ត្រ និងមធ្យោបាយឆ្ពោះទៅមុខ ដូចជាការគូសផែនទីភាគីពាក់ព័ន្ធ និងការកសាងភាពជាដៃគូ ការផ្តល់អាទិភាពនៃតំបន់សហប្រតិបត្តិការ ការកៀរគរធនធាន និងផែនទីបង្ហាញផ្លូវនៃការអនុវត្ត។

«នៅពេលដែលតំបន់របស់យើងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ដែលកំពុងកើនឡើង យើងត្រូវតែទទួលស្គាល់ថា វិធីសាស្រ្តបែបប្រពៃណីប្រហែលជាមិនគ្រប់គ្រាន់ទៀតទេ។ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាង IFRC និងលេខាធិការដ្ឋាន​អាស៊ាន មិនគ្រាន់តែជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់យើងប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការស្វែងរកដំណោះស្រាយ​ប្រកបដោយភាពច្នៃប្រឌិត ការប្រើប្រាស់កម្លាំងរួមរបស់យើង និងធានាបាននូវសុខុមាលភាព និងភាពធន់នៃសហគមន៍ចម្រុះក្នុងតំបន់»។ ការបញ្ជាក់បន្ថែមរបស់សម្ដេចមហារដ្ឋសភាធិការធិបតី។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហម​កម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេលពីរថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសហព័ន្ធអន្តរជាតិ អគ្គលេខាធិការអាស៊ាន ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ក្រោយពីបានថ្លែងបទអន្តរាគមន៍បើកកិច្ចប្រជុំហើយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានប្រគល់តួនាទីដឹកនាំកិច្ចប្រជុំបន្ត ជូនប្រធានប្រតិភូកាកបាទ​ក្រហមប្រទេសឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទខាងលើនេះ ដែលជាកិច្ចប្រជុំវគ្គទី៥៕