សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជិត ២ពាន់គ្រួសារ នៅស្រុកចំនួន៣ ក្នុងខេត្តពោធិ៍សាត់


សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង វាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមសេចក្ដីប្រកាសព័ត៌មាន របស់កាកបាទក្រហមកម្ពុជា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ពិធីចែកអំណោយនេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមន្ត្រីតំណាងពីកាកបាទក្រហមកម្ពុជា មានលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៤-៥ នៅស្រុកកណ្តៀង (៩២៥គ្រួសារ) និងក្រុងពោធិ៍សាត់ (៣៧៥គ្រួសារ) និងលោកវេជ្ជ. អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី៦-៧ នៅស្រុកភ្នំក្រវាញ (៣២០គ្រួសារ) និងស្រុកវាលវែង (២២៥គ្រួសារ)។

សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកស៊ីអីវ ឬទឹកត្រី ៦ដប ដែលគិតសរុបជាថវិកាស្មើ ៦៦,៨៨៨,០០ ដុល្លារអាមេរិក៕