អភិបាលខេត្តកំពង់ចាម៖ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា «យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ និងសុខខុមាលភាព និងការងារអប់រំ សិក្សាធិការជាមូលដ្ឋាន»។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរផែនការខេត្ត ក្នុងពិធីបិទវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគក្រុង-ស្រុក និងឃុំ-សង្កាត់ បីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា បានផ្ដល់នូវចំណាប់អារម្មណ៍មួយចំនួនដែលពាក់ព័ន្ធទៅនឹងការងារ និងដំណើរការសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ថា គម្រោងវិនិយោគ កំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ ២០២៤-២០២៦ សូមសំណូមពរដល់លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលក្រុង ស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ជំរុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រត្រូវបញ្ចប់តាមកាលកំណត់។

មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃគូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោង សកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ បន្ថែមទៀត។

លោកអភិបាលក្រុង ស្រុក ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំ សង្កាត់ ដែលបានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញថា តើគម្រោងណាខ្លះ បានទទួលការគាំទ្រ និងគម្រោងណាខ្លះ ដែលមិនទទួលបានការគាំទ្រ ត្រូវប្រើប្រាស់មូលនិធិរបស់ក្រុងស្រុក ដើម្បីដោះស្រាយបញ្ហាជាអាទិភាពរបស់ប្រជាជន។ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕