ស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ, កម្មវិធីស្បៀង អាហារពិភពលោក និងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ គឺអង្គការសហប្រជាជាតិទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ «ស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា»

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង្ស សាមឿនទីប្រឹក្សាផ្ទាល់ សម្ដេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ព្រមទាំងថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ពាក់ព័ន្ធ និងសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សិក្ខាសាលានេះបានរំលេចពីគោលបំណងផ្សព្វផ្សាយ និងចែករំលែកអំពីគំនិត ផ្តួចផ្តើម ស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា ដែលជាការរួមគ្នាអនុវត្តន៍ និងជួយដល់ជនដែលងាយរងគ្រោះបានទាន់ពេលវេលា។ ប្រពន្ធ័ប្រកាសព័ត៌មានឱ្យដឹងមុន ត្រូវបានចាត់ទុក ជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិដែលផ្តល់ផលចំណេញដល់ការវិនិយោគ។

ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ក្នុងនាមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជារាជរដ្ឋាភិបាលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពលើ ការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ប្រជាពលរដ្ឋ ការប្រកាន់យកនូវវិធីសាស្ត្រ «សង្គមទាំងមូល» ដែលពាក់ព័ន្ធនឹងភាគីទាំងអស់ រួមទាំងសង្គមស៊ីវិល និងវិស័យឯកជន ដែលអាចពង្រឹង និងនិរន្តរភាពសេវាកម្ម ប្រកាស ព័ត៌មានឱ្យដឹងមុន បានប្រសើរជាងមុន។ វាមានសារៈសំខាន់ដូចគ្នា ក្នុងការទទួលស្គាល់ថាគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ មានការប៉ះពាល់ដល់មនុស្ស, សត្វពាហនៈ, ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិសាធារណៈទូទៅ នៅលើពិភពលោក។

ឯកឧត្តមបណ្ឌិតបានបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចាត់ជាស្ថាប័នមួយ តំណាងសម្រាប់សម្របសម្រួលគំនិតផ្ដួចផ្ដើម ក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដែលមានកម្មវិធីស្បៀងអាហារពិភពលោក ជាស្ថាប័នសម្របសម្រួលប្រចាំប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគំនិតផ្តួចផ្ដើមនេះដំណើរការទៅបានរលូន ចាំបាច់ត្រូវមានកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ ជាពិសេសស្ថានប័នជំនាញ ដូចជាក្រសួងធនធានទឹក និងឧត្តុនិយម ក្នុងការផ្ដល់ព័ត៌មានព្យាករណ៍នានា ដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការធ្វើផែនការត្រៀមរៀបចំដែលជាយន្តការក្នុងការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងជាពិសេសចែករំលែកដល់ប្រជាពលរដ្ឋជាមុន ក្នុងការត្រៀមរៀបចំ រួចជាស្រេចមុនពេល ព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានជួបប្រទះនឹងឧប្បត្តិហេតុ នៃគ្រោះមហន្តរាយធំៗជាច្រើនដូចជា រលកយក្សស៊ូណាមិ, ផ្ទុះភ្នំភ្លើង, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ ពិសេសជំងឺកូវីដ១៩។ល។ ក្រៅពីនេះ ក៏មានគ្រោះមហន្តរាយ ដែលបង្កឡើងដោយមនុស្ស ដូចជា៖ សង្គ្រាមប្រដាប់អាវុធ, ភេរវកម្ម, គ្រោះថ្នាក់ចរាចរណ៍, ធ្លាក់យន្តហោះ និងជម្ងឺរាតត្បាតផ្សេងៗ ក៏ដូចជា៖ ការអភិវឌ្ឍដោយមិនបានគិតគូរអំពីបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយតែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ។ ដូច្នេះការអភិវឌ្ឍ ដែលមាននិរន្តរភាព និងប្រកបដោយចីរភាព គឺបានគិតគូរអំពីហានិភ័យគ្រោះមហន្តរាយ និងរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមបណ្ឌិត ហង្ស សាមឿន បានជំរុញលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ច លើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យបានថយចុះក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានលើការពង្រឹងសមត្ថភាពដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លងមក និងបច្ចុប្បន្ន៕