ឯកឧត្តម ហ៊ុន ម៉ានី៖ ការបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្ត្រីជំនាញ គឺជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យនិងការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដែលបានរៀបចំដោយសាលាភូមិន្ទរដ្ឋបាល។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ ដើម្បីគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងដូចនេះថា «ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះគឺជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិធានការគន្លឹះ ត្រង់ចំណុចទី២ គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋាន សម្រាប់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា»

បន្ថែមពីនេះឯកឧត្តម ហ៊ុន ម៉ានី ក៏បានកោតសរសើរសាលាភូមិន្ទរដ្ឋបាល ដែលបានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្មបណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៥ នាពេលនេះ បានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមជាន់ខ្ពស់ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល អភិបាលក្រុង ស្រុក នាយករដ្ឋបាល ខេត្ត ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្ដាក្រសួង ស្ថាប័ន ចំនួន៣៣ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២៥រាជធានី-ខេត្ត សរុបចំនួន១៩៧នាក់។ ការបណ្ដុះបណ្ដាលមានរយៈពេល ៧សប្ដាហ៍ ដោយ ៦សប្ដាហ៍ សិក្សាតាមប្រព័ន្ធអនឡាញ និង ១សប្ដាហ៍តម្រូវឱ្យសិក្ខាកាមមកសិក្សាផ្ទាល់នៅសាលា។

ឯកឧត្តម យក់ ប៊ុនណា បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៣គឺ៖

១៖ បង្កើនសមត្ថភាពក្នុងការយល់ដឹង៖ បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំនិងបង្កើននូវជំនាញនិងទំនុកចិត្ត ដើម្បីបង្កើតនិងអនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព។

២៖ បង្កើនសមត្ថភាពក្នុងការបំពេញការងារ៖ អនុវត្តនូវទ្រឹស្តីដើម្បីដោះស្រាយនូវបញ្ហាប្រឈម ជាក់ស្តែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរតាមរបៀបថ្មីឬតាមរបៀបដែលកាន់តឆាប់រហ័ស និងផ្តល់សេវាសាធារណៈប្រកបដោយគុណភាពនិងនវានុវត្តន៍

៣៖ បង្កើនសមត្ថភាពគាំទ្រគា្ន៖ ផ្នែកមួយនៃបណ្តាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួន និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។

សូមជម្រាបជូនដែរថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួនបួនជំនាន់មកហើយ ដែលជាលទ្ធផលសិក្ខាកាមចំនួន ៦៥៧នាក់(ស្រី១១១នាក់) បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ៕