ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយនូវ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាដ៏រស់រវើក។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨» បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨» គឺជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនៈ សម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ ដែលត្រូវបានហៅកាត់ថា៖ «បច្ចេកវិទ្យាហិរញ្ញវត្ថុ» ឬ «FinTech» ជាភាសាអង់គ្លេស, សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបន្តថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។»

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា បច្ចុប្បន្នគ្រប់វិស័យនៃសេដ្ឋកិច្ច និង តំបន់ភូមិសាស្រ្ត ទាំងទីប្រជុំជន និង ជនបទ ព្រមទាំងបុគ្គល ទាំងវ័យក្មេង និង វ័យចំណាស់សុទ្ធសឹងកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលបាន និង កំពុង កែប្រែរបៀបក្នុងការធ្វើធុរកិច្ច ឬ ម៉ូដែលធុរកិច្ច ,ផ្លាស់ប្តូរទម្លាប់រស់នៅ ឬ ជីវិតប្រចាំថ្ងៃ ក្នុងការប្រាស្រ័យទាក់ទង និងការបំពេញការងារ ក៏ដូចជាការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ប្រសិទ្ធភាពការងារ ។

លោកជំទាវ ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ បានបោះជំហានទៅយ៉ាងលឿន និងបានក្លាយទៅជាកតាលីករជំរុញការគ្របដណ្តប់ និងតភ្ជាប់សេដ្ឋកិច្ច និងសង្គម នៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក។

លោកជំទាវបន្តថា នៅប្រទេសកម្ពុជា ប្រព័ន្ធធនាគារបានទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយបាននាំមកនូវការអភិវឌ្ឍន៍យ៉ាងសំខាន់នូវប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការផ្តល់នូវមធ្យោបាយទូទាត់សងប្រាក់ កាន់តែរហ័ស តម្លៃទាប ងាយស្រួលជាមុន ក៏ដូចជាជំរុញបរិយាបន្នហិរញ្ញវត្ថុជាដើម។
លោកជំទាវបន្តថា «ជាក់ស្តែងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើបរិវត្តកម្ម និងធ្វើការទូទាត់ក្នុងនិងក្រៅប្រទេស ការផ្ទេរប្រាក់ឆ្លងដែនកាន់តែរហ័សជាងមុន កម្រៃសេវាទាប និងប្រកបដោយតម្លៃភាព ជាពិសេសប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។»

«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨»មានគោលដៅចម្បងចំនួន ៤ គឺ៖ (១)-ការអភិវឌ្ឍបរិស្ថានគោល-នយោបាយអំណោយផល, (២)-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, (៣)-ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង (៤)-ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះសម្រេចបានជោគជ័យ, វិធានការគោលនយោបាយសរុប
ចំនួន ៥២ ត្រូវបានដាក់ចេញ ដោយការអនុវត្តវិធានការគោលនយោបាយទាំងអស់នេះ ត្រូវគោរពតាមអភិក្រមចំនួន ៣ គឺ៖ ទី១)-ការចាប់យក (Adoption), ទី២)-ការកែសម្រប (Adaptation) និង ទី៣)-ការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)។

ទន្ទឹមនឹងនេះ គោលនយោបាយនេះនឹងត្រូវអនុវត្តដោយតួអង្គសំខាន់ចំនួន ២ គឺ ធនាគារជាតិនៃកម្ពុជា និងនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសម្របសម្រួល និងការដឹកនាំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ការអនុវត្តគោលនយោបាយនេះក៏តម្រូវឱ្យមានការចូលរួមពីវិស័យឯកជនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យការអនុវត្តគោល-នយោបាយនេះបានលទ្ធផលដូចការរំពឹងទុក៕